កាលពីម្សិលមិញនេះ ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយសមាគម Technology Promotion Association (ថៃ-ជប៉ុន) – (TPA) និងសមាគម Japan Thailand Economic Cooperation Society (JTECS) នៅទីស្នាក់ការកណ្តាលនៃសមាគម Technology Promotion Association (TPA) នៅក្នុងទីក្រុងបាងកក ដើម្បីអភិវឌ្ឍន៍លើ កម្មវីធីបណ្តុះបណ្តាលសម្រាប់ កម្មករ-កម្មការនីនៅប្រទេសកម្ពុជា។
សមាគម Technology Promotion Association (ថៃ ជប៉ុន) – (TPA) មានទីតាំងនៅទីក្រុងបាងកកនិងមានបទពិសោធន៍ការងារច្រើនជាង ៤០ឆ្នាំ ក្នុងការផ្តល់សេវាកម្មទាក់ទងនឹង វិស័យអប់រំបណ្តុះ បណ្តាល ពិគ្រោះយោបល់ និងទំនាក់ទំនងសហគ្រាស រីឯសមាគម Japan Thailand Economic Cooperation Society (JTECS) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងបច្ចេកវិទ្យានៅក្នុងប្រទេសថៃ រួមទាំងប្រទេសជិតខាង និងពង្រឹងចំណងមិត្តភាពក្នុងចំណោមប្រទេសទាំងនេះ។
គោលបំណងនៃកិច្ចសហការនេះ គឺដើម្បីបង្កើតកម្មវិធីបណ្តុះបណ្តាលមួយ ដែលរៀបចំឡើងជាពិសេសសម្រាប់កម្មករ-កម្មការនីនៅប្រទេសកម្ពុជា ដោយស្ថាប័នទាំងបី នឹងធ្វើការរួមគ្នាបង្កើតគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈទូទៅ ក៏ដូចជាការបណ្តុះបណ្តាលមូលដ្ឋាន ដែលផ្តោតលើជំនាញទន់ និងជំនាញឯកទេសផ្សេងៗ។
ជាជំហ៊ានដំបូង «កម្មវិធីអភិវឌ្ឍន៏កម្មករ-កម្មការនីថ្មី» នឹងត្រូវបានដាក់ឲ្យដំណើរការ ដើមឆ្នាំ ២០១៨ខាងមុខនេះ ដែលរៀបចំឡើងក្នុងគោលដៅផ្តល់ចំណេះដឹងមូលដ្ឋាននៅក្នុងក្រុមហ៊ុន និងមានជំនាញផ្សេងៗដូចជា ការធ្វើការងារជាក្រុម សុវត្ថិភាពជាមូលដ្ឋាន វិធីសាស្ត្រស ៥ ការរៀបចំខ្លួន និងសម្អាតអនាម័យខ្លួនប្រាណ ឥរិយាបថវិជ្ជមាន និងសីលធម៌ការងារ។
លោក Hiroshi Uematsu នាយកប្រតិបត្តិ ក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី បានថ្លែងថា «ភាពជាដៃគូនេះ ជាឱកាសដ៏អស្ចារ្យមួយសម្រាប់ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ជួយឲ្យកម្លាំងពលកម្មនៅក្នុងតំបន់របស់ពួកយើង ប្រកបដោយវិជ្ជាជីវៈបន្ថែមទៀត។ យើងជឿជាក់ថា វាជាការចូលរួមចំណែកបង្កើនផលិតភាព ព្រមទាំងលើកទឹកចិត្ត និងបង្កើនសុវត្ថិភាពនៅក្នុងរោងចក្រឲ្យកាន់តែប្រសើរឡើង។ ស្របពេលដែលយើងកំពុងរីកលូតលាស់ យើងសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រឹងប្រែងរបស់យើងក្នុងការអភិវឌ្ឍជំនាញ និងចំណេះដឹងជូនកម្មករ-កម្មការនី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នឹងធ្វើការបើកផ្លូវសម្រាប់ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសកម្ពុជាទាំងមូល»។
គួរជម្រាបថា តំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី គឺជាតំបន់ឧស្សាហកម្មឈានមុខគេ នៃប្រទេសកម្ពុជា ស្ថិតក្នុងចំណោមសេដ្ឋកិច្ចដែលមានកំណើនលូតលាស់លឿនជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ តំបន់ឧស្សាហកម្មទាំងពីរនេះផ្តល់នូវ សេវាកម្ម គាំទ្រផ្នែករដ្ឋបាលនៅនឹងកន្លែង និងជាជម្រើសដ៏ចំបងមួយ សម្រាប់អ្នកវិនិយោគដែលកំពុងតែស្វែងរកការប្រឡូកនៅទីផ្សារសាកល តាមរយៈ ផ្លូវអាកាស ផ្លូវដែក និងផ្លូវសមុទ្រ ដែលមានការចំណាយតិច៕
មតិយោបល់