ព័ត៌មានបច្ចេកវិទ្យា

ស្ព័តថ្មីរបស់ក្រុមហ៊ុន Apple មនុស្សសម្តែងធ្វើដូចមិនធ្លាប់ឃើញកាមេរ៉ាពីមុនមកទាល់តែសោះ

ក្រុមហ៊ុន Apple ទើបចេញវីដេអូស្ព័តពាណិជ្ជកម្មថ្មីមួយ បង្ហាញពីមុខងារថតរូប portrait របស់ iPhone 7 Plus ដែលមានចំណងជើងថា Take Mine។
វីដេអូពាណិជ្ជកម្មដែលនឹងចាក់ផ្សាយនៅក្នុងពិធី Golden Globes ថ្ងៃនេះ បង្ហាញពីស្ត្រីវ័យក្មេងម្នាក់ទើបត្រឡប់មកលេងស្រុកកំណើតក្នុងប្រទេសគ្រិច ដោយមានកាន់ iPhone 7 Plus មួយគ្រឿងក្នុងដៃ។

ក្នុងវីដេអូដែលមានរយៈពេល ១ នាទីនោះ នាងបានថតរូបជីដូនរបស់នាង ហើយធ្វើឱ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរូបថតរបស់គាត់។ ក្រោយមក មនុស្សម្នាក្នុងភូមិទាំងក្មេងចាស់ប្រុសស្រី ក៏សុំឱ្យនាងថតរូបរបស់ពួកគេគ្រប់ៗគ្នា ដោយបន្តពីម្នាក់ទៅម្នាក់យ៉ាងសប្បាយរីករាយ ដែលមើលទៅហាក់បីដូចជាពួកគេ មិនធ្លាប់បានស្គាល់កាមេរ៉ាពីមុនមកម្តងណាសោះ។

ក្នុងទិដ្ឋភាពវីដេអូទាំងមូល ក្រុមហ៊ុន Apple ចង់បង្អួតលក្ខណៈពិសេសនៃកាមេរ៉ារបស់ទូរស័ព្ទដៃ iPhone 7 Plus ដែលអាចផ្តិតយករូបភាពឱ្យមានលក្ខណៈព្រាលនៅផ្ទៃខាងក្រោយ ហើយច្បាស់នៅវត្ថុខាងមុខ ដែលមើលទៅហាក់ជារូបមានទីជម្រៅ និងច្បាស់ល្អផូរផងឥតខ្ជោះតែម្តង។

https://www.youtube.com/watch?v=r8mR33cp_Fk

គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេដែលក្រុមហ៊ុន Apple បានបញ្ចេញវីដេអូពាណិជ្ជកម្មដើម្បីឆក់ចិត្តអ្នកទិញដូច្នេះ។ ជាអាទិ៍ វីដេអូពាណិជ្ជកម្មជាស៊េរីមួយរបស់ក្រុមហ៊ុន ដែលត្រូវបានចាក់ផ្សាយអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងឡុងដ៍ឆ្នាំ ២០១២ ជាដើម៕

ប្រភព័ត៌មាន៖ theverge

មតិយោបល់