ខណៈកំណើនប្រជាជនរស់នៅលើភពផែនដីចេះតែកើនឡើងខ្ពស់ជាបន្តបន្ទាប់ ដោយបើតាមការប៉ាន់ប្រមាណ ក្នុងឆ្នាំ ២០៥០ អាចនឹងមានអត្រា ៩.៦ ពាន់លាននាក់ ជាមួយ ៦៦% រស់នៅក្នុងទីក្រុង អគារកសិស្វ័យវប្បកម្មដ៏ទំនើបមួយកំពុងត្រូវបានស្ថាបនាឡើង។
ក្រុមហ៊ុនបច្ចេកវិទ្យាចំណីអាហាររបស់ប្រទេសស៊ុយអែតមួយមានឈ្មោះថា Plantagon កំពុងបំផុសគំនិតឱ្យទីក្រុងនានាធ្វើការសាងសង់អគារកសិដ្ឋានមួយប្រភេទដែលខ្លួនឱ្យឈ្មោះថា Plantscraper សម្រាប់ដាំដុះបន្លែបង្កាធ្វើជាចំណីអាហារផ្គត់ផ្គង់ដល់មនុស្សរស់នៅក្នុងទីក្រុង។
បច្ចុប្បន្ន ក្រុមហ៊ុនមួយនេះក៏កំពុងសាងសង់អគារដាំដំណាំដ៏ខ្ពស់លើកដំបូងបង្អស់របស់ខ្លួននាទីក្នុង Linkoping ប្រទេសស៊ុយអែតផងដែរ។
អគារបៃតងដ៏ទំនើបនេះ នឹងដំណើរការដោយប្រព័ន្ធជលាវប្បកម្ម ដែលអនុញ្ញាតឱ្យរុក្ខជាតិ (ភាគច្រើនពណ៌បៃតង) រីកលូតលាស់ដោយមិនចាំបាច់ត្រូវការដី និងប្រកបដោយជីវជាតិខ្ពស់ ដោយផ្អែកតាមដំណោះស្រាយទឹកជាមូលដ្ឋាន។
លោក Hans Hassle នាយកប្រតិបត្តិនៃក្រុមហ៊ុន Plantagon បាននិយាយថា Business Insider ថា កសិដ្ឋានថ្ងៃអនាគតនេះ នឹងដំណើរការ និងគ្រប់គ្រងដោយប្រព័ន្ធស្វ័យវប្បកម្មស្ទើរតែទាំងស្រុង។
លោកបានបន្ថែមថា Plantscraper ដំបូងតម្លៃ ៤០ លានដុល្លារ បានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០១២ ហើយវាគ្រោងនឹងបើកសម្ពោធនៅដើមឆ្នាំ ២០២០។
អគារកសិស្វ័យវប្បកម្មនេះដែរ នឹងផលិតបន្លែបង្កាក្នុងមួយឆ្នាំៗបានប្រមាណ ៥៥០ តោន ល្មមអាចចិញ្ចឹមប្រជាជនរស់នៅក្នុងទីក្រុងបានចំនួន ៥,០០០ នាក់ក្នុងមួយឆ្នាំ។
ផ្នែកខាងមុខនៃអគារដែលមាន ១៦ ជាន់នេះ នឹងប្រើប្រាស់សម្រាប់កសិដ្ឋាន ខណៈផ្នែកខាងក្រោយសម្រាប់ការិយាល័យធ្វើការ ដែលស្មើមានប្រមាណ ២/៣ នៃក្រឡាផ្ទៃអគារសរុប។ ចំណែកដំណាំនៅក្នុងអគារ នឹងប្រើប្រាស់ទាំងពន្លឺថ្ងៃធម្មជាតិ និងពន្លឺអំពូល LED៕
មតិយោបល់