ព័ត៌មានបច្ចេកវិទ្យា

មុខងារថ្មីនៅលើ iOS 10.3 ទាំងប៉ុន្មាននេះ អាចទាក់ចិត្តប្រិយមិត្តបានឬអត់?

ថ្មីៗនេះ Post Tech បានប្រកាសថា ប្រព័ន្ធ iOS 10.3 ចេញមកជាផ្លូវការហើយ រួមមានវិធីដំឡើងយ៉ាងជាក់លាក់ទៀតផង។ ដោយឡែក មានប្រិយមិត្តជាច្រើនប្រហែលជាកំពុងឆ្ងល់ថា តើមានអ្វីដែលអស្ចារ្យ នៅលើកំណែ iOS ថ្មីមួយនេះ?

អីចឹង! សូមប្រិយមិត្តក្រឡេកមើល មុខងារពិសេសៗ ទើបនិងចេញមកនៅលើប្រព័ន្ធ iOS 10.3 ឥឡូវនេះ៖

១ – APFS (Apple File System) ធ្វើឲ្យប្រព័ន្ធ iOS ស៊ីទំហំកាន់តែតិច និងដំណើរការកាន់តែលឿន

នេះគឺជាកំណែថ្មីមួយដ៏ពិសេសជាងគេ ដោយភ្ជាប់មកជាមួយប្រព័ន្ធឯកសារ Apple File System មានសមត្ថភាពរៀបចំឯកសារ ឲ្យប្រើប្រាស់ទំហំផ្ទុកកាន់តែតិចជាងមុន ថែមទាំងជួយសម្រួលដល់កម្មវិធីឲ្យដំណើរការបានកាន់តែរលូន ដោយសារប្រព័ន្ធមួយនេះ បានបង្កើននូវល្បឿនអានឯកសារ (Read/Write) យ៉ាងរហ័ស។ យោងតាមអ្នកប្រើប្រាស់ iOS 10.3 ជំនាន់សាកល្បងម្នាក់បានឲ្យដឹងថា ក្រោយពេលដំឡើងប្រព័ន្ធ iOS ថ្មីនេះរួច គេឃើញថាទំហំផ្ទុកទំនេរក្នុង iPhone របស់គាត់បានកើនឡើងជិត 5GB ធៀបទៅនឹងកាលដែលគាត់មិនទាន់ដំឡើង។

២ – សេវា Find my AirPods

AirPods គឺជាកាសឥតខ្សែ ផលិតឡើងដោយក្រុមហ៊ុន Apple វាងាយដាក់តាមខ្លួន ហើយក៏ងាយបាត់បង់ផងដែរ។ ហេតុដូចនេះបានជា Apple ដាក់បញ្ចូលមុខងារ Find my AirPods ទៅក្នុងកម្មវិធី Find My iPhone សម្រាប់ងាយស្រួលក្នុងការស្វែងរក។ ពេលបើកកម្មវិធីនេះហើយ អ្នកនឹងឃើញមានប៊ូតុង AirPods បន្ទាប់មកត្រូវចុចលើរូប AirPods រួចចុចលើប៊ូតុង Play Sound ភ្លាមនោះកាសដែលភ្លេចមិនដឹងនៅឯណា នឹងបន្លឺជាសម្លេង ឡើងបន្តិចម្តងៗ។ គួរបញ្ជាក់ដែរថា វាដំណើរការបាន លុះត្រាតែកាសឥតខ្សែ AirPods បានភ្ជាប់គ្នាជាមួយ iPhone/iPad តាមរយ:សេវាប៊្លូធូសរួចស្រេច។

៣ – កម្មវិធី iCloud បង្ហាញចេញនៅលើផ្ទាំង Settings តែម្តង

នៅពេលដែលអ្នកបើកកម្មវិធី​ Settings នឹងឃើញមានរបារូបភាព និងឈ្មោះគណនី iCloud ឋិតនៅរបាខាងលើគេនៃកម្មវិធី Settings។ អ្នកអាចចុចលើរបានោះ ដើម្បីចូលទៅកាន់ផ្ទាំង Apple ID, iCloud និង iTunes & App Store តែមួយរួមគ្នា។ បើអ្នកចុចចូល iCloud មួយតង់ទៀត នឹងឃើញមានរបាថ្មីមួយ បង្ហាញនូវព័ត៌មានទំហំផ្ទុករបស់ iCloud គួរឲ្យចាប់អារម្មណ៍។

៤ – កម្មវិធីផែនទី Maps បន្ថែមលក្ខណ:ពិសេសគួរចាប់ចិត្ត

នៅពេលដែលអ្នកបើកកម្មវិធី​ Maps រួចវាយបញ្ចូលពាក្យក្នុងប្រអប់ស្វែងរក ដើម្បីស្វែងរកទីតាំងណាមួយ ក្រោយពេលជ្រើសរើសទីតាំងបានហើយ កម្មវិធីនឹងបង្ហាញលទ្ធផល ជាព័ត៌មានអំពីកន្លែងដែលបានចុចជ្រើសរើសយក រួមជាមួយ សញ្ញាវាស់ស្ទង់អាកាសធាតុនៃទីតាំង តូចមួយពីលើវា។ បើអ្នកប្រើប្រាស់ iPhone 6s ឡើងទៅ អាចចុចសង្កត់ (3D Touch) លើសញ្ញាមួយនោះ ដើម្បីពិនិត្យមើលអាកាសធាតុកាន់តែពិស្តារ។

៥ – កំណែកំហុសឆ្គងជាច្រើន

មិនថាលើកណាទេ ក្រុមហ៊ុន​បច្ចេកវិជ្ជាយក្សនេះ តែងតែកែកំហុសឆ្គងជាច្រើនដែលមានលើប្រព័ន្ធ iOS ចាស់ចោល តាមរយ:កំណែថ្មីដំណើរការកាន់តែប្រសើរ។ ហេតុដូចនេះ បើសិនជាប្រិយមិត្តគិតថា iPhone/iPad ដែលកំពុងប្រើប្រាស់ មិនសូវជារលូនល្អ មានភាពជាប់គាំងច្រើន អាចសាកដំឡើងកំណែ iOS 10.3 ថ្មីនេះបាន ដោយមិនបង់ខាតអ្វីទាំងអស់។

ប៉ុណ្ណេះហើយ តើប្រិយមិត្តគួរមិនដំឡើង iOS 10.3 ថ្មីមួយនេះទៀតដែរ ឬទេ?

ប្រភព៖ iphonehacks.com

ចុចអានអត្ថបទ៖ របៀបដំឡើងប្រព័ន្ធ iOS 10.3

 

មតិយោបល់