នៅលើប្រព័ន្ធ iOS ជំនាន់ ១០ ក្រុមហ៊ុន Apple បានណែនាំមុខងារថ្មីមួយលើកម្មវិធី Message រួមបញ្ចូលមុខងារ Reactions ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់សេវា iMessage ចុចបង្ហាញអារម្មណ៍ទៅលើសារណាមួយដែលបានផ្ញើចូល។ ហើយឥឡូវនេះក្រុមហ៊ុន Facebook កំពុងតែធ្វើតេស្តមុខងារស្រដៀងគ្នាអីចឹងដែរ លើកម្មវិធី Messenger របស់គេ។
បើយោងតាមគេហទំព័រ TechCrunch ក៏ដូចជាការទទួលស្គាល់ដោយផ្ទាល់ពីក្រុមហ៊ុន Facebook បានឲ្យដឹងថា មុខងារថ្មីដែលគេកំពុងធ្វើតេស្តនៅលើ Messenger មានលក្ខណៈដូចគ្នាទៅនឹងមុខងារ Reactions នៅលើ News feed នៃកម្មវិធីបណ្តាញសង្គម Facebook ដែរ។
ភាពខុសប្លែករវាងមុខងារ Reactions នៅលើ Messenger និង News feed គឺប៊ូតុង Dislike ដែលជាការទាមទារយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់លើ Facebook ប៉ុន្តែក្រុមហ៊ុនបានឆ្លើយប្រាប់វិញថា គេនឹងមិនបញ្ចូលប៊ូតុង Dislike ទៅលើ News feed ទេ។
Facebook ក៏បានថ្លែងប្រាប់ TechCrunch ថានៅក្នុងកម្មវិធី Messenger អ្នកប្រើប្រាស់នឹងឃើញមានប៊ូតុង Dislike ដែលផ្តល់ភាពងាយស្រួលដល់ពួកគេ ក្នុងការចុចបង្ហាញអារម្មណ៍ភ្លាមៗ លើសារណាមួយ ដោយមិនចាំបាច់សរសេរថា No ឬ អ្វីផ្សេងច្រើនឡើយ។
ក្រុមហ៊ុនបានបន្ថែមទៀតថា ការលេងនៅលើកម្មវិធី Messenger តែងតែជាកិច្ចពិភាក្សាណាមួយ ប្រសិនបើមានមុខងារ Reactions ជួយពួកគេ នឹងបង្កលក្ខណៈងាយស្រួលកាន់តែច្រើន ក្នុងការបញ្ចេញអារម្មណ៍ពិតបានរហ័ស។
វិធីប្រើមុខងារ Reactions នៅលើកម្មវិធី Messenger ប្រិយមិត្តគ្រាន់តែចុចឲ្យជាប់លើសារណាមួយដែលផ្ញើចូល រួចចុចយកជម្រើសនៃការបង្ហាញអារម្មណ៍ពិតណាមួយដែលមានមកស្រាប់តែម្តង។ ត្រង់នោះដែរ ប្រិយមិត្តនឹងឃើញ Reactions របស់ខ្លួន ថែមទាំងចំនួនសរុបនៃ Reactions ដែលធ្លាប់បានប្រើកន្លងមក។
យ៉ាងណាក្តី ក្រុមហ៊ុន Facebook បានឲ្យដឹងថា គេកំពុងធ្វើតេស្តមុខងារថ្មីនេះ តែលើកម្មវិធី Messenger សម្រាប់ អ្នកប្រើប្រាស់លើគេហទំព័រមួយចំនួនតូចប៉ុណ្ណោះ។ ប្រសិនបើមុខងារនេះចេញមក ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រុមហ៊ុននឹងបើកឲ្យប្រើប្រាស់ទូទៅ និងគ្រប់ប្រភេទអ្នកប្រើប្រាស់ ដូចប្រព័ន្ធ iOS អីចឹងដែរ។
គួរបញ្ជាក់ដែរថា មុខងារ Reactions លើកម្មវិធី Messenger គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងមុខងារដែលមាននៅលើ iMessage របស់ក្រុមហ៊ុន Apple អីចឹងដែរ។
ប្រភពព័ត៌មាន៖ 9to5mac.com
មតិយោបល់