ព័ត៌មានកីឡា

Real Madrid បង្ហើបតម្លៃពិតទិញ Aguero ពីក្រុម Man City

ក្រុមស្តេចស Real Madrid បានបង្ហើបនូវតម្លៃពិតមួយ​ហើយ ដែលក្រុមយក្សអេស្ប៉ាញមួយនេះ នឹងទិញយកខ្សែ​ប្រយុទ្ធអាហ្សង់ទីន Sergio Aguero ពីក្រុមកំពូលតារាង Premier League មេឃខៀវ Manchester City ។

បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុម Real Madrid បានត្រៀមទឹកប្រាក់ ៥៣លានផោន ដើម្បីនាំយកខ្សែប្រយុទ្ធ Sergio Aguero នៅខែមករាខាងមុខនេះ។ ជាការពិតណាស់ ក្រុម Real Madrid បានត្រៀមខ្លួនរួចហើយ ក្នុងការលក់ខ្សែប្រយុទ្ធ២រូប នៅខែមករានេះ ដោយរួមមាន Karim Benzema និង Gareth Bale ខណៈក្រុមអេស្ប៉ាញមួយនេះ បានសម្លឹងឃើញខ្សែប្រយុទ្ធ Harry Kane និង Sergio Aguero វិញផងដែរ។

យ៉ាងណាវិញ ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា ទឹកប្រាក់ ៥៣លានផោននេះ មិនប្រាកដថា ក្រុម Real Madrid អាចនាំយក Sergio Aguero ពីក្រុម Manchester City បានឡើយ ព្រោះថា លោក Pep Guadiola អាចនឹងលក់ Aguero ប្រសិនបើលោកទិញបាន Alexis Sanchez ពី Arsenal បានសិន។ យ៉ាងណាក៍ដោយ Real Madrid នៅតែមានជំនឿចិត្តយ៉ាងមុតមាំថា ពួកគេអាចនាំយក Aguero បានដដែល ដោយសារតែ នៅ Man City បច្ចុប្បន្ននេះ លោក Pep តែងតែប្រើកីឡាករវ័យក្មេង Gabriel Jesus ក្នុងជម្រើស១១នាក់ដំបូង ច្រើនជាង Aguero ដែលជាហេតុធ្វើឲ្យ Man City អាចនឹងមិនត្រូវការ Aguero ក៍ថាបាន។

ដូច្នេះហើយ រង់ចាំ​មើលថា តើក្រុម Real Madrid អាចនាំយក Sergio Aguero បានឬយ៉ាងណា ព្រោះថា តម្លៃ ៥៣លានផោននេះ ដូចជាទាបខ្លាំងណាស់ បើគិតជាមួយ​នឹងតម្លៃខ្សែប្រយុទ្ធល្បីៗផ្សេងៗទៀត នាពេលបច្ចុប្បន្ននេះ។

មតិយោបល់