យោងតាមរូបភាពបែកធ្លាយមួយសន្លឹកកាលពីសប្តាហ៍មុន ដែលគេជឿថា ជារចនាបទស្រទាប់អេក្រង់មុខរបស់ស្មាតហ្វូនក្រុមហ៊ុន Samsung ត្រកូល Galaxy A8 ឬ A9 ស៊េរីឆ្នាំ ២០១៨ បានរំលេចឱ្យឃើញនូវកាមេរ៉ាមុខដល់ទៅពីរ និងមានផ្ទៃធំលាតស្ទើរគ្មានស៊ុមព័ទ្ធជុំវិញ ខណៈថ្ងៃប្រកាសចេញកាន់តែខិតជិតចូលមកដល់។
ស្មាតហ្វូនដែលជាជម្រើសម៉ូឌែលទំនើបបំផុត និងថ្លៃជាងគេបំផុតក្នុងចំណោមបងប្អូនត្រកូល A នេះ ត្រូវគេរំពឹងទុកថា នឹងបង្ហាញវត្តមានឡើងបើមិននៅក្នុងខែធ្នូ ក៏នៅដើមឆ្នាំ ២០១៨ ដែរ ដោយនឹងមានហែហមជាមួយប្អូនៗរបស់វា Galaxy A3, A5 និង A7 ដែលក្រុមហ៊ុន Samsung ផលិតឡើងសម្រាប់ផ្តល់ជាជម្រើសទំហំ សមត្ថភាព និងតម្លៃខុសៗគ្នាសម្រាប់អតិថិជនគ្រប់ស្រទាប់។
តាមរយៈរូបថតប៉ុន្មានសន្លឹកដែលត្រូវបានលាតត្រដាងឱ្យឃើញចុងក្រោយពីគេហទំព័រ GizChina វាពិតជារាងចំឡែកដែលក្រុមហ៊ុនអេឡិចត្រូនិចយក្សកូរ៉េ នឹងពាំនាំកាមេរ៉ាថត Selfie ភ្លោះដូច្នេះ ខណៈលក្ខណៈសម្បត្តិបែបនេះ គឺពុំធ្លាប់មាននៅលើស្មាតហ្វូនរបស់ក្រុមហ៊ុនពីមុនមកឡើយ។ ប៉ុន្តែ វាពិតជាអាចទៅរួចដែលវារចនាឡើងដើម្បីប្រកួតប្រជែងជាមួយស្មាតហ្វូនពីក្រុមហ៊ុន Huawei និង Oppo ដែលមានដូចជាស៊េរី nova 2i និង F3។
តាមរយៈរូបភាពដដែល គេពុំឃើញមានប៊ូតុង Home នោះទេ។ ដូច្នេះ បន្ទះស្កេនក្រយៅដៃអាចនឹងយកទៅបំពាក់នៅខាងក្រោយ ខុសពី Galaxy A ស៊េរីឆ្នាំ ២០១៧ បច្ចុប្បន្ន។ ដោយឡែក សម្រាប់ព័ត៌មានអំពីលក្ខណៈសម្បត្តិដទៃទៀតរបស់ស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលក្រុមហ៊ុន Samsung ស៊េរីក្រោយនេះ យើងសង្ឃឹមថា នឹងទទួលបានបន្ថែមទៀតនៅសប្តាហ៍បន្តបន្ទាប់ខាងមុខ៕
មតិយោបល់