ព័ត៌មានបច្ចេកវិទ្យា

៥ ចំណុច ភាគច្រើននៅមិនទាន់ដឹងមានលើ FB Messenger!

FB Messenger គឺជាកម្មវិធីបណ្តាញសង្គមសារដ៏ពេញនិយមបំផុត ហើយមុខងារថ្មីៗរបស់វាក៏ត្រូវបានដាក់បន្ថែមជាបន្តបន្ទាប់ផងដែរ។ ទោះបីជាវាត្រូវបានគេស្គាល់ និងប្រើប្រាស់ជារៀងរាល់ថ្ងៃក៏ដោយ ប៉ុន្តែ មានមុខងារ ឬលក្ខណ:ពិសេសរបស់វាមួយចំនួន អ្នកប្រើប្រាស់ភាគច្រើននៅមិនទាន់ដឹងនៅឡើយ ឬក៏មើលរំលងក៏អាចថាបាន។ ដូច្នេះ ដើម្បីឱ្យលោកអ្នកអាចទទួលបានបទពិសោធន៍ការប្រើប្រាស់កម្មវិធីសារនេះបានកាន់តែច្រើន Post Tech សូមបង្ហាញជូនលក្ខណ:ពិសេសរបស់វា Messenger នេះចំនួន ៥ ចំណុចដែលភាពច្រើននៅមិនទាន់ដឹង មកបង្ហាញដូចខាងក្រោម៖

១- Messenger មានអាសយដ្ឋានគេហទំព័រដោយឡែកពី Facebook

តាមពិតទៅបណ្តាញសង្គមសារ Messenger របស់ក្រុមហ៊ុន Facebook ក៏មានអាសយដ្ឋានគេហទំព័រផ្ទាល់ខ្លួនមួយផងដែរ ដែលលោកអ្នកអាចចូលទៅកាន់បាននៅលើកុំព្យូទ័រ ឬទូរសព្ទដៃ ដោយមិនចាំបាច់ដំឡើងកម្មវិធីរបស់វាក៏បាន។​ វាគឺមានអាសយដ្ឋាន: www.messenger.com ហើយលោកអ្នកអាចចុះឈ្មោះចូលប្រើបានតាមរយ:គណនី Facebook។

២- ចងមិត្តជាមួយគ្នាបានភ្លាមៗតាមការស្កេនរូបកូដ Profile

ប្រសិនបើលោកអ្នកធ្លាប់ជួបនរណាម្នាក់ ហើយចូលចិត្តគេ និងចង់ចងភ្ជាប់មិត្ត​ភាពជាមួយគ្នាភ្លាមៗតាម Messenger លោកអ្នកអាចគ្រាន់តែឱ្យគេស្គេនរូប​កូដ Profile (រាងមូលៗមានរូប Profile Facebook អ្នកនៅកណ្តាល) ក្នុងកម្ម​វិធីផ្ទាល់បានដោយ៖
– ដំបូង ត្រូវចូលទៅកាន់រូបកូដ Profile អ្នកតាមកម្មវិធី Messenger ហើយដៃមិត្តថ្មីអ្នកធ្វើដូចគ្នាដែរ ហើយចុចលើរូបកូដ Profile របស់គេ
– បន្ទាប់មក ចុចលើ Scan Code រួចតម្រង់កាមេរ៉ាឱ្យចំរូបកូដ Profile​ របស់លោកអ្នក។ ភ្លាមៗនោះ វានឹងលោតសារភ្ជាប់មិត្តជាមួយគ្នាតែម្តង។

៣- បង្កើតបន្ទប់សន្ទនាសម្ងាត់

ការបង្កើតបន្ទប់សន្ទនាសម្ងាត់បែបនេះ គឺរាល់សារឆ្លើយឆ្លងរបស់អ្នកជាមួយដៃគូ នឹងត្រូវបានបំព្រួញដោយស្វ័យប្រវត្តិ ហើយគ្មាននរណាអាចលួចឆែកមើលដឹងបានឡើយ។ ដើម្បីធ្វើដូចនេះ លោកអ្នកគ្រាន់តែចូលទៅកាន់បន្ទប់សារជាមួយមិត្តភក្តិ រួចចុចលើប៊ូតុង Settings (រូបសញ្ញា i ក្នុងរង្វង់) ហើយចុចលើ Go to Secret Conversation និងចុចលើរូបសញ្ញានាឡិកាដើម្បីកំណត់រយ:ពេលសន្ទនាសម្ងាត់ (ប្រសិនបើចង់)។ បន្ទាប់មក រាល់ពាក្យពេចន៍សន្ទនា រួមទាំងសំឡេងផងដែរនោះ នឹងត្រូវបានបញ្ជូនទៅមកដោយសម្ងាត់ដោយស្វ័យប្រវត្តិតែម្តង (ចុចម្តងសន្ទនាជាសម្ងាត់ម្តង)។

៤- ផ្ញើសារអក្សរជារូបភាពមានចលនា

នៅក្នុងកម្មវិធី Messenger មាន Bot មួយដែលអាចជួយលោកអ្នកបំប្លែងតួអក្សរទៅជារូបភាពរស់រវើកជាមួយស្ទីលផ្សេងៗជាច្រើន និងមានទម្រង់ជា 3D។ ដើម្បីធ្វើដូចនេះបាន លោកអ្នកគ្រាន់តែបើកចូលទៅកាន់បន្ទប់សន្ទនាណាមួយជាមួយនរណាម្នាក់ ហើយចុចលើសញ្ញា + ឋិតនៅខាងក្រោម រួចអូសរកកម្មវិធី Bot មួយឈ្មោះ ScribbleChat ហើយចុចលើវា។ បន្ទាប់មក ជ្រើសរើសស្ទីលណាមួយ ហើយវាយបញ្ជូលសាររបស់លោកអ្នក រួចចុចលើ Next និង Scribble It ជាការស្រេច។

៥-​​ ខ្សែអាត់សំឡេងអាចលុបចោលបាន

រាល់ពេលដែលលោកអ្នកចុចថតសំឡេងដើម្បីផ្ញើចូលក្នុងបន្ទប់សន្ទនាក្នុងកម្មវិធី Messenger ម្តងៗ ពិតជាងាយស្រួលណាស់។ គ្រាន់តែចុចជាប់លើប៊ូតុង Record រូបក្បាលមេក្រូ ហើយព្រលែងដៃទៅជាការស្រេច។ ប៉ុន្តែ លោកអ្នកប្រហែលមិនទាន់ដឹងនោះទេ ប្រសិនបើលោកអ្នកនិយាយច្រឡំ ឬខុសទាស់អី អាចលុបវាចោលបានមុនពេលប្រលែងដៃចេញពីប៊ូតុងថតសំឡេង។

ដើម្បីលុបវា គឺលោកអ្នកគ្រាន់តែ នៅខណ:ពេលកំពុងចុចថត សូមអូសម្រាមដៃឡើងលើរហូតដល់ឃើញប៊ូតុងសញ្ញា x ពណ៌ក្រហមមួយលេចឡើង រួចព្រលែងវា នោះសំលេងថតរបស់អ្នកនឹងមិនត្រូវបានបញ្ជូនចេញឡើយ៕

មតិយោបល់