ព័ត៌មានបច្ចេកវិទ្យា

គន្លឹះពិសេស ១០ យ៉ាងក្នុងកម្មវិធី Safari ដែលអ្នកប្រើ iPhone/iPad ត្រូវដឹង

Safari គឺជាកម្មវិធីរុករកលើបណ្តាញអ៊ិនធើណែត សម្រិតសម្រាំងឡើងដោយក្រុមហ៊ុនបច្ចេកវិជ្ជាយក្ស Apple ដាក់ឲ្យប្រើប្រាស់ប្រចាំនៅលើប្រព័ន្ធ iOS តាំងពីជំនាន់ដំបូងមកម្ល៉េះ។

អ្នកដែលកំពុងប្រើប្រាស់​ផលិតផល iPhone/iPad ប្រហែលជាធ្លាប់បានប្រើកម្មវិធីនេះហើយ។ តែអ្វីដែលពិសេស ប្រិយមិត្តត្រូវយល់ដឹងបន្ថែម អំពីការប្រើប្រាស់កម្មវិធីមួយនេះឲ្យមានសុវត្ថិភាពខ្ពស់ ប្រើរហ័សជាងមុន ងាយគ្រប់គ្រងការរុករក និងទាញយកផលប្រយោជន៍ជាច្រើនពីវា។

ឥឡូវនេះក្រុមការងារ Post Tech សូមលើកយកគន្លឹះពិសេស ១០​ យ៉ាងមកបង្ហាញជូនប្រិយមិត្តឲ្យបានដឹង​ និងងាយយល់ច្បាស់៖

អក្សរកាត់នៃអាសយដ្ឋានគេហទំព័រ (Web Address Shortcut)

ខណៈពេលកំពុងវាយបញ្ចូលអាសយដ្ឋានគេហទំព័រណាមួយនៅលើកម្មវិធី អ្នកអាចចុចឲ្យជាប់ត្រង់ប៊ូតុង “.” លើក្តារចុច ដើម្បីទទួលបានអក្សរកាត់នៃគេហទំព័រណាមួយ។ ជម្រើសរបស់អ្នកអាចជា .com, .net, .edu, .org ឬ .us ។

ចម្លងដាក់ និងស្វែងរក (Paste and Go)

បើសិនជាអ្នកបានចម្លងពាក្យ ឬតំណភ្ជាប់ពីកម្មវិធីណាមួយរួច ហើយចង់យកវាទៅទម្លាក់ដាក់ក្នុងកម្មវិធី Safari ដើម្បីស្វែងរក លោកអ្នកគ្រាន់តែចុចឲ្យជាប់ត្រង់របារុករកនៃកម្មវិធី រួចជ្រើសរើសយកពាក្យថា Paste and Go។ នេះបានសេចក្តីថា អ្នកទម្លាក់អ្វីដែលបានចម្លងទុកដាក់ចូល រួចធ្វើការស្វែងរកដោយស្វ័យប្រវត្តិ។

ចូលទៅកាន់ទម្រង់ប្រើប្រាស់ឯកជន (Enter Private Browsing mode)

Private Browsing Mode គឺជាទម្រង់ប្រើប្រាស់លក្ខណៈឯកជន អនុញ្ញាតឲ្យអ្នកបើកវេបសាយ ដោយមិនបន្សល់ទុកដានលើទូរស័ព្ទអ្នកឡើយ។ រាល់គេហទំព័រដែលលោកអ្នកបានបើក កម្មវិធីនឹងមិនធ្វើការចំណាំអ្វីទាំងអស់ក្រោយពេលចាកចេញ។ ដើម្បីចូលក្នុងទម្រង់ប្រើប្រាស់ឯកជនបាន សូមចុចលើមឺនុយ​ រូបប្រអប់ជ្រុង រួចចុចលើប៊ូតុង Private។

ស្នើការបង្ហាញជាលក្ខណៈកុំព្យូទ័រ (Request Desktop Site)

ចុចឲ្យជាប់ត្រង់និម្មិតសញ្ញា​ Refresh (បើកសារជាថ្មី) រួចចុចលើប៊ូតុង​​ Request Desktop Site ដើម្បីស្នើសុំការបង្ហាញជាលក្ខណៈកុំព្យូទ័រ ជំនួសពីការបង្ហាញលក្ខណៈទូរស័ព្ទដៃ។ នេះមិនមែនមានន័យថារាល់ការស្នើសុំគឺត្រូវតែចេញនោះទេ គឺវាអាស្រ័យលើវេបសាយនោះដែរ។

ទាញយកគេហទំព័រដាក់លើផ្ទាំងកម្មវិធី(Add Website to Home Screen)

ការធ្វើបែបនេះ គឺជាវិធីបញ្ឆោតយកវេបសាយណាមួយ មកតាំងធ្វើដូចជាកម្មវិធីមួយអីចឹងដែរ និងដើម្បីងាយបើកមើលពេលក្រោយ។ ដំបូងសូមចុចលើមឺនុយ Share មានរូបតាង ប្រអប់ជ្រុងនិងព្រួញបាញ់ឡើងលើ បន្ទាប់មកចុចលើប៊ូតុង Add to Home Screen បន្ទាប់់មកទៀត ផ្តល់ឈ្មោះណាមួយសម្រាប់វេបសាយដែលកំពុងទាញទុក។

វិធីដាក់ Bookmark Reading List ផ្លូវកាត់ (Quickly add Bookmark or Reading List Item)

ចុចឲ្យជាប់ត្រង់មឺនុយ រូបសៀវភៅ រួចជ្រើសរើសយកពាក្យ Add Bookmark ឬ Add to Reading List ជាការរក្សាទុកគេហទំព័រណាមួយជាចាំបាច់។

បើកមើល និងរៀបចំ Reading List (Access and Organize Reading List)

Reading List គឺដាច់ដោយឡែកពី Bookmark និងមានន័យថា ជាការរក្សាទុកតំណភ្ជាប់វេបសាយណាមួយងាយយកមកអានពេលក្រោយ។ ដើម្បីបើករកមើលវាបាន សូមចុចលើមឺនុយ រូបសៀវភៅ បន្ទាប់មកចុចលើប៊ូតុង រូបវែនតា អ្នកច្បាស់ជាឃើញតំណភ្ជាប់វែបសាយដែលបានរក្សាទុក បន្ទាប់មកទៀត សូមអូសមកឆ្វេងលើតំណភ្ជាប់ណាមួយ និងជ្រើសរើសយកពាក្យថា ​Mark Read ក្រោយពេលបានអាចវារួចហើយ ឬក៏ជ្រើសរើសយកពាក្យថា Delete ដើម្បីលុបចោលតែម្តង។

បិទវែបសាយណាមួយយ៉ាងរហ័ស (Quickly Close Tabs)

ត្រង់មឺនុយ រូបប្រអប់ជ្រុង ជាកន្លែងបង្ហាញវេបសាយជាច្រើនដែលអ្នកធ្លាប់បើកចូលមើល ហើយអ្នកអាចបិទវេបសាយនីមួយៗចោល ដោយអូសលើវេបសាយណាមួយមកឆ្វេង ជាការប្រសើរជាងចុចបិទលើប៊ូតុង X ។

បិទវែបសាយទាំងអស់ក្នុងពេលតែមួយ(Close All Your Tabs)

ប្រសិនបើអ្នកចង់បិទវេបសាយទាំងអស់ក្នុងពេលតែមួយ សូមចុចឲ្យជាប់ត្រង់មឺនុយ រូបប្រអប់ជ្រុង រួចជ្រើសរើសពាក្យ Close All Tabs ដែលជាធម្មតាវាបង្ហាញជាលេខចំនួនវេបសាយដែលបានបើក។ ឧទាហរណ៍ Close 2 Tabs ឬ Close 3 Tabs។

១០វិធីត្រលប់គេហទំព័រទៅមុខ ឬមកក្រោយយ៉ាងរហ័ស(Quickly navigate back or forward)

វិធីដ៏លឿនបំផុតក្នុងការត្រឡប់គេហទំព័រទៅមុខ ឬមកក្រោយ គឺគ្រាន់តែចុចអូសពីគែមខាងឆ្វេងនៃអេក្រង់ទៅស្តាំ ឬពីគែមខាងស្តាំនៃអេក្រង់ទៅឆ្វេង។ ការអូសពីខាងឆ្វេងទៅស្តាំ មានន័យថាត្រឡប់គេហទំព័រមកក្រោយ និងការអូសពីខាងស្តាំទៅឆ្វេង មានន័យថា ត្រឡប់គេហទំព័រទៅមុខវិញ។

មតិយោបល់