ព័ត៌មានបច្ចេកវិទ្យា

មិននឹកស្មានប៊ូតុងចំហៀង iPhone X មានមុខងារច្រើនដល់ម្លឹង!

iPhone X ពាំនាំមកជាមួយការផ្លាស់ប្តូរជាច្រើនធៀបទៅនឹង iPhone ស៊េរីដទៃ ក្នុងនោះក៏មានរាប់បញ្ចូលទាំងប៊ូតុងនៅគែមចំហៀងខាងស្តាំដៃទូរសព្ទមួយផង​ដែរ។ ប៊ូតុងនោះ មានឈ្មោះថាប៊ូតុង Side ដែលត្រូវបានរចនាធំជាងប៊ូតុង Sleep/Wake របស់ iPhone ផ្សេងទៀត។​ មិនតែប៉ុណ្ណោះ វាគឺមានមុខងារប្រើប្រាស់ច្រើនយ៉ាង ដែល Post Tech សូមលើកយកមកបង្ហាញជូនប្រិយមិត្តនូវមុខងារប្រើប្រាស់សំខាន់ៗរបស់វាចំនួន ១០ ដូចខាងក្រោម៖

១- ចុចដាស ឬចាក់សោអេក្រង់: ចុចម្តងដើម្បីដាស់ ឬដើម្បីពន្លត់អេក្រង់ ឬចាក់សោទូរសព្ទជាមួយលេខសម្ងាត់ និង Face ID។
២- ចុចបើកម៉ាស៊ីនទូរសព្ទ: ចុចជាប់ដើម្បីបើកដំណើរការម៉ាស៊ីនទូរសព្ទនៅពេលដែលវាត្រូវបានបិទ។
៣- មកមុខងារ Siri ឡើង: ចុចជាប់ដើម្បីបើកមុខងារជំនួយការសំឡេង​ឌីជី​ថល​ Siri មកប្រើ។

៤- ចុចបិទទូរសព្ទ ឬហៅចេញបន្ទាន់: ដើម្បីបិទម៉ាស៊ីនទូរសព្ទ លោកអ្នកចាំបាច់ត្រូវសង្កត់ប៊ូតុង Side នេះព្រមគ្នាជាមួយប៊ូតុងបន្ថែម ឬបន្ថយសំឡេងប្រហែល ១-២ វិនាទី។

បន្ទាប់មក អ្នកនឹងឃើញផ្ទាំងមួយលេចឡើង ដោយមានបង្ហាញរបាររុញចំនួន ៣ លោកអ្នកអាចអូសវាពីឆ្វេងទៅស្តាំ ដើម្បី ១- Shut Down បិទទូរសព្ទ, ២- Emergency SOS ហៅទូរសព្ទចេញដើម្បីរកជំនួយក្នុងគ្រាអាសន្ន, ៣- Medical ID ចូលទៅកាន់ព័ត៌មានទាក់ទងនឹងសុខភាពលោកអ្នក ឬហៅរកជំនួយសង្គ្រោះបន្ទាន់គ្រាសុខភាពកើតមានបញ្ហាក្នុងពេលណាមួយ។ បញ្ជាក់ៈ របារ Medical ID ប្រសិនបើលោកអ្នកមិនបានចុះឈ្មោះបង្កើត ID ឱ្យវាមួយជាមុននោះទេ វាមិនបង្ហាញឡើងឡើយ គឺមានតែរបារ Shut Down និង Emergency SOS ប៉ុណ្ណោះ។

៥- ចុចហៅទៅកាន់លេខសង្គ្រោះបន្ទាន់ៈ ចុចលើវា ៥ ដងជាប់ៗគ្នា នៅពេលដែល​លោកអ្នកត្រូវការហៅទៅកាន់លេខទូរសព្ទទំនាក់ទំនងសម្រាប់គ្រាមានអាសន្នផ្សេងៗ ដូចជា លេខឡានទឹក ឡានពេទ្យ ឬប៉ូលីសជាដើម។
៦- បង់លុយតាម Apple Pay: នៅពេលផ្ទាំងកម្មវិធី Apple Pay បង្ហាញឡើង លោកអ្នកអាចចុចលើប៊ូតុង Side នេះពីរដងជាប់ៗគ្នា ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់លោកអ្នកដោយប្រើមុខងារ Face ID ហើយដាក់ទូរសព្ទនៅក្បែរឧបករណ៍អានដើម្បីទូទាត់វិក្កយបត្រ។ បញ្ជាក់ៈ Apply Pay ពុំទាន់មាននៅក្នុងប្រទេសកម្ពុជានៅឡើយទេ។

៧- ថតរូបភាពលើអេក្រង់ៈ ​ចុចលើវាព្រមគ្នាជាមួយប៊ូតុងដំឡើងសំឡេងម្តង ដើម្បីថតរូបភាពដែលកំពុងបង្ហាញលើផ្ទៃអេក្រង់។


៨- ចុចបិទ/បើក ឬ Restart ទូរសព្ទដោយបង្ខំៈ ចុចម្តងលើប៊ូតុងដំឡើងសំឡេង បន្ទាប់មកចុចម្តងលើប៊ូតុងបន្ថយសំឡេង រួចចុចជាប់លើប៊ូតុង Side នេះ រហូតដល់អេក្រង់ទូរសព្ទរលត់ ហើយឃើញរូបឡូហ្គូផ្លែប៉ោមបង្ហាញឡើង។


៩- ចុចបិទមុខងារ Face ID:ចុចលើវាព្រមគ្នាជាមួយប៊ូតុងដំឡើង និងបន្ថយសំឡេងម្តងដើម្បីបិទដំណើរការមុខងារ Face ID រហូតដល់លោកអ្នកវាយបញ្ចូលលេខកូដសម្ងាត់ពេលក្រោយ។


១០- ចុចចូល Recovery Mode: ចុចសង្កត់ជាប់បន្តិចលើប៊ូតុងដំឡើងសំឡេង បន្ទាប់មក​ចុចសង្កត់ជាប់បន្តិចលើប៊ូតុងបន្ថយសំឡេង រួចចុចជាប់ លើប៊ូតុង Side រហូតដល់លោកអ្នកឃើញរូបឡូហ្គូកម្មវិធី iTunes បង្ហាញឡើងលើអេក្រង់ទូរសព្ទ។

មុខងារប្រើប្រាស់នេះ គឺធ្វើឡើងតែនៅពេលដែល iPhone លោកអ្នកមានបញ្ហាជាប់គាំងបើកលែងចេញ​ ហើយត្រូវការធ្វើ Restore ប្រព័ន្ធ iOS ថ្មីឡើងវិញ និងបន្ទាប់ពីលោកអ្នកដោតភ្ជាប់ទូរសព្ទជាមួយម៉ាស៊ីនកុំព្យូទ័រតាមខ្សែ USB រួចបើកដំណើរការកម្មវិធី iTunes លើកុំព្យួទ័ររួច៕

មតិយោបល់