បន្ទាប់ពីលេចឮព័ត៌មានចចាមអារ៉ាមថា Samsung នឹងពាំនាំបច្ចេកវិទ្យាកាមេរ៉ាភ្លោះបំពាក់លើផលិតផលស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលកាលពីពេលថ្មីៗនេះមក ឥឡូវព័ត៌មាននោះបានក្លាយជាការពិតហើយ។ ពោលគឺ ក្រុមហ៊ុនបានបញ្ចេញវាជាផ្លូវការនៅលើគេហទំព័រ Samsung ភាសាថៃរបស់ខ្លួនកាលពីចុងសប្តាហ៍មុននេះ។

Galaxy J7+ គឺជាស្មាតហ្វូនទីពីររបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េ ដែលបំពាក់មកជាមួយកាមេរ៉ាភ្លោះនៅខាងក្រោយ បន្ទាប់ពី Galaxy Note 8 ដែលទើបប្រកាសចេញកាលពីសប្តាហ៍មុន។
ដោយឋិតក្នុងចំណោមស្មាតហ្វូនលំដាប់ថ្នាក់កណ្តាល J7+ ត្រូវបានប្រកាសចេញជាមួយតម្លៃលក់ ៣៩០ ដុល្លារ (តម្លៃបរទេស)។ តួខ្លួនរបស់វាស្រោបដោយលោហៈធាតុអាឡុយមីញ៉ូមទាំងមុខ/ក្រោយ ហើយមិនខុសពីព័ត៌មានក្រៅផ្លូវការដែលត្រូវបានទម្លាយឱ្យដឹងថ្មីៗនេះនោះទេ គឺ វាបំពាក់មកជាមួយបន្ទះអង្គប្រតិបត្តិ (CPU) MediaTek Helio P20 ជំនាន់ Octa-core ល្បឿន ២.៤ GHz អមដោយ RAM ទំហំ ៤ GB និងមេម៉ូរីជាប់ម៉ាស៊ីនទំហំ ៣២ GB អាចបន្ថែមមម៉ូរីកាតពីខាងក្រៅដល់ ២៥៦ GB និងថ្មថាមពល ៣០០០ mAh។

ដោយឡែក ស្មាតហ្វូនម៉ូឌែលថ្មីអេក្រង់ទំហំ ៥.៥ អីុញនេះ ក៏មានបំពាក់បន្ទះស្កេនក្រយៅដៃ អាចប្រើស៊ីមកាតបានពីរ និងភ្ជាប់មកជាមួយជំនួយការសំឡេងឌីជីថល Bixby មកស្រាប់ផងដែរ៕
មតិយោបល់