ស្មាតហ្វូន បានក្លាយជាឧបករណ៍ប្រើប្រាស់ប្រចាំកាន់តែសំខាន់ឡើងៗ នាពេលបច្ចុប្បន្ន។ ក្នុងនោះ ក្រៅពីតម្លៃរបស់វា ទិន្នន័យ ឬឯកសារក្នុងនោះដែលមានដូចជា រូបថត វីដេអូ កំណត់ចំណាំផ្សេងៗ រួមទាំងគណនីបណ្តាញសង្គម ឬធនាគារផ្សេងៗ ក៏សំខាន់ផងដែរ។
ជាមួយគ្នានោះ ករណីចោរឆក់ លូច ឬបាត់ទូរសព្ទបានកើតឡើងជារឿយៗ ដែលធ្វើឱ្យម្ចាស់ទូរសព្ទមានការសោកស្តាយ មិនត្រឹមតែថវិកាចំណាយលើវា តែក៏មានការបារម្ភចំពោះឯកសារសំខាន់ៗផ្សេងៗត្រូវធ្លាក់ក្នុងដៃអ្នកដទៃផងដែរ។
ដូច្នេះ ចង់មិនចង់លោកអ្នកគួរតែរកវិធីបង្កានៅពេលបញ្ហានេះកើតឡើងជាមុន ទើបគ្មានវិប្បដិសារីនៅថ្ងៃក្រោយ តាមវិធីដែល Post Tech សូមលើកយកមកបង្ហាញជូនដូចខាងក្រោម
មុនពេលបាត់ ឬត្រូវចោរលួច
១- ដាក់លេខសម្ងាត់
នេះគឺជាមធ្យោបាយមូលដ្ឋានមួយដែលអាចជួយការពារទិន្នន័យផ្ទាល់ខ្លួនលើទូរសព្ទ iPhone របស់លោកអ្នកពីអ្នកដទៃ។ ប្រសិនបើ iPhone អ្នកឋិតក្នុងស៊េរីចាប់ពី 5s ឡើង ហើយចង់ប្រើ Touch ID (ស្កេនក្រយៅដៃដើម្បីដោះសោ) លោកអ្នកត្រូវតែបង្កើតលេខសម្ងាត់មួយ។ ប៉ុន្តែ វាក៏ត្រូវបានណែនាំឱ្យដាក់ផងដែរសម្រាប់ម្ចាស់ iPhone ទូទៅ ដោយអាចអនុវត្តតាម៖
– ចូលទៅកាន់កម្មវិធី Settings -> Touch ID & Passcode
– ចុចកុងតាក់បើកលើមុខងារ Turn Passcode (On/Off) រួចវាយបញ្ចូលលេខកូដ ៤ ឬ ៦ ខ្ទង់
– វាយបញ្ចូលលេខកូដនោះម្តងទៀត ដើម្បីបញ្ជាក់ថាខ្លួន សម្រេចយកវា ជាការស្រេច។
សម្រាប់របៀបបង្កើត Apple ID លោកអ្នកអាចចុចចូលអានបន្តត្រង់តំណភ្ជាប់នេះ (របៀបបង្កើត Apple ID)
២- កំណត់ឱ្យ iPhone លុបទិន្នន័យពេលបញ្ចូលលេខសម្ងាត់ខុស
នេះគឺជាមធ្យោបាយតែមួយគត់ដើម្បីប្រាកដថា ចោរមិនអាចលួចយកទិន្នន័យលើទូរសព្ទ iPhone លោកអ្នកបាន។ ពោលគឺ ប្រសិនបើមាននរណាម្នាក់បញ្ចូលលេខសម្ងាត់ខុសចំនួន ១០ លើក វានឹងលុបទិន្នន័យក្នុងទូរសព្ទដោយស្វ័យប្រវត្តិតែម្តង។ ដើម្បីធ្វើដូច្នេះ សូមចូលទៅកាន់កម្មវិធី Settings -> Touch ID & Passcode រួចចុចកុងតាក់បើកលើមុខងារ Erase Data។ បញ្ជាក់ សូមប្រយត្នក្នុងការបើកមុខងារនេះ ចំពោះលោកអ្នកណាដែលមិនពូកែចាំលេខសម្ងាត់។
ក្រោយពេលបាត់ ឬត្រូវចោរលួច
១- ប្រើប្រាស់ Find My iPhone
Find My iPhone គឺជាមុខងារដ៏មានប្រយោជន៍មួយដែលលោកអ្នកមិនគួរមើលរំលង។ ប្រសិនបើលោកអ្នកបើក ឬកំណត់វាទុកជាមុននៅលើ iPhone របស់ខ្លួន ថាមិនត្រូវចៃដន្យអី វាអាចជួយលោកអ្នកឱ្យតាមដានរកឃើញទូរសព្ទរបស់ខ្លួនមកវិញបាន ក្នុងករណីដែលវាត្រូវបានចោរលួច ឬជ្រុះបាត់។ ដើម្បីដឹងពីរបៀបកំណត់ ឬបើកប្រើវា សូមចុចលើតំណភ្ជាប់នេះ (របៀបបើកប្រើមុខងារ Find My iPhone)។
២- បញ្ជាលុបទិន្នន័យលើទូរសព្ទ iPhone ពីចម្ងាយ
នៅពេលចូលទៅកាន់មុខងារ Find My iPhone តាមរយៈសេវាកម្ម iCloud របស់ក្រុមហ៊ុន Apple លោកអ្នកនឹងឃើញប៊ូតុងមួយដាក់ថា Erase iPhone លើទូរសព្ទដែលលោកអ្នកកំពុងតាមរក។ នៅពេលចុចលើវា ទិន្នន័យនៅលើទូរសព្ទ iPhone នោះ នឹងលុបចោលដោយស្វ័យប្រវត្តិតែម្តង។
៣- ប្តូរលេខសម្ងាត់ចាស់ចេញ
ប្រសិនបើគ្មានសង្ឃឹមថានឹងអាចរកទូរសព្ទខ្លួនមកវិញបានទេ លោកអ្នកអាចប្តូរលេខសម្ងាត់ចាស់របស់ខ្លួនបានតាមឧបករណ៍ដទៃ ដើម្បីធ្វើឱ្យប្រាកដថា គ្រប់យ៉ាងនៅលើទូរសព្ទ iPhone ខ្លួនដែលបាត់ មិនអាចមានគេចូលឆែក ឬលួចយកបានដោយសេរី។ សំខាន់ជាងនេះ ប្រសិនបើលោកអ្នកកត់ត្រាលេខកូដសម្ងាត់ធនាគារ ឬកាតឥណទានក្នុងនោះ៕
មតិយោបល់