នៅក្នុងព្រឹត្តិការណ៍បើកបង្ហាញទូរសព្ទដៃ Honor 7X និង View 10 នាទីក្រុងឡុងដ៍ ក្រុមហ៊ុន Huawei បានបើកបង្ហាញបច្ចេកវិទ្យាកាមេរ៉ាស្គេនផ្ទៃមុខ 3D ថ្មីមួយរបស់ខ្លួនដែលឱ្យឈ្មោះថា “Point Cloud Depth Camera”។
បច្ចេកវិទ្យាថ្មីនេះ ត្រូវបានឧទេសនាមតាមរយៈឧបករណ៍បំពាក់បន្ថែមមួយ ដោតភ្ជាប់ជាមួយទូរសព្ទដៃ Huawei Mate 10 ប៉ុន្តែ វាទំនងជារចនាឡើងសម្រាប់បំពាក់ក្នុងទូរសព្ទ Huawei P11 ដែលទើបបែកធ្លាយព័ត៌មានចចាមអារ៉ាមនាពេលថ្មីៗកន្លងទៅ។ នេះបើយោងតាមការអះអាងពីគេហទំព័របច្ចេកវិទ្យាអីុតាលីមួយឈ្មោះ NotebookItalia ដែលបានថតវីដេអូអំឡុងព្រឹត្តិការណ៍នោះផ្ទាល់។
នៅក្នុងវីដេអូ វិស្វករក្រុមហ៊ុន Huawei លោក Matthew Leone បានបង្ហាញកាមេរ៉ាបំពាក់បច្ចេកវិទ្យាស្គេនមុខ 3D ដោយសាកស្គេនផ្ទៃមុខរបស់គាត់ ហើយលទ្ធផលបង្ហាញថា ដំណើរការថតសម្គាល់ផ្ទៃមុខរបស់វា គឺពិតជាលឿនខ្លាំងណាស់។ តាមការចង្អុលបង្ហាញ កាមេរ៉ាស្គេនមុខ 3D នោះ គឺមិនខុសពីកាមេរ៉ា TrueDepth បំពាក់នៅលើ iPhone X ប៉ុន្មានឡើយ ដោយវាប្រើនូវ Sensor សម្រាប់បាញ់បាច់ពន្លឺ Infrared ទៅលើផ្ទៃមុខ និងសម្រាប់វាស់ទីជម្រៅរូបភាព ដើម្បីថតសម្គាល់ទម្រង់ ឬទ្រង់ទ្រាយផ្ទៃមុខអ្នកប្រើប្រាស់ សម្រាប់ចំណាំទុកនូវអត្តសញ្ញាណដាច់ដោយឡែករបស់ពួកគេម្នាក់ៗ។
គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន Huawei បានសន្យាថា ខ្លួននឹងផលិតចេញនូវផលិតផលថ្មីៗដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ឆ្នាំ ២០១៨ ជាមួយការផ្តោតសំខាន់ទៅលើសមត្ថភាពកាមេរ៉ា និងបច្ចេកវិទ្យាបញ្ញាញាណសិប្បនិម្មិត ហៅកាត់ថា AI (Artificial Intelligence) ដែលនេះ អាចឱ្យគេរំពឹងថា P11 នឹងក្លាយជាស្មាតហ្វូនមុនដំបូងគេរបស់ក្រុមហ៊ុន Huawei ដែលពាំនាំមកជាមួយបច្ចេកវិទ្យា Point Cloud Depth Camera។
ទោះយ៉ាងណា រូបរាងពិតប្រាកដរបស់ Huawei P11 មិនទាន់បង្ហាញឡើងជាផ្លូវការនៅឡើយទេ ដូច្នេះ គ្រប់យ៉ាងអាចនឹងមិនដូចការរំពឹងទុកក៏ថាបាន។ ដូចគ្នាដែរ LG ក៏មានបច្ចេកវិទ្យាកាមេរ៉ាមុខដែលអាចច្របាច់បញ្ចូល Sensor ស្កេនប្រស្រីភ្នែកខាងក្នុង ប៉ុន្តែ វាក៏មិនទាន់ត្រូវបានបង្ហាញវត្តមាននៅលើស្មាតហ្វូនផ្លូវការណាមួយនៅឡើយដែរ។ ដូច្នេះ ការពិតឬយ៉ាងណានោះ គឺមានតែប្រិយមិត្តតាមដានជាមួយ Post Tech បន្តទៀតនៅពេលក្រោយប៉ុណ្ណោះ។
ប្រភពព័ត៌មានៈ phonearena
មតិយោបល់