ព័ត៌មានបច្ចេកវិទ្យា

Nokia 3310 ចេញហើយ! ក្នុងរចនាបថថ្មី អមជាមួយទូរសព្ទ Android ថ្មី ៣ ម៉ូឌែល

ទីបំផុតទៅ ទូរសព្ទដៃដែលមានការស្រឡាញ់ពេញចិត្តច្រើនជាងគេកាលពី ១៧ ឆ្នាំមុន និងបានលក់ដាច់អស់ជាង ១២៥ លានគ្រឿង បានបង្ហាញវត្តមានសារជាថ្មី ជាមួយរចនាបថបែបសម័យទំនើប អមជាមួយទូរសព្ទដៃ Nokia ថ្មី ៣ ម៉ូឌែលដើរដោយប្រព័ន្ធ Android នៅឯសមាជទូរសព្ទចល័តពិភពលោក WMC នាទីក្រុង Barcelona យប់ម្សិលមិញ។

Nokia 3310 ថ្មីនេះ នៅតែមានលក្ខណ:ជាទូរសព្ទប្រភេទធម្មតា ប៉ុន្តែ រូបរាងរបស់វាត្រូវបានរចនាឡើងថ្មី តូចច្រឡឹង បំពាក់អេក្រង់ពណ៌ទំហំ ២.៤ អីុញ និងមានជម្រើស ៤ ពណ៌ បន្ថែមពីលើកម្មវិធី Browser និងកាមេរ៉ាទំហំ ២ មេហ្គាភិចសែល។ អ្វីដែលពិសេសសម្រាប់ការវិលត្រឡប់របស់ទូរសព្ទដ៏មានឈ្មោះបោះសំឡេងមួយនេះ ត្រូវបាននាយកប្រតិបត្តិក្រុមហ៊ុន HMD Global លោក Arto Nummela ប្រកាសក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនោះថា វាអាចកាន់ថ្មបានយូររហូតដល់ ១ ខែ និងអាចប្រើសន្ទនាគ្នាបាន ២២ ម៉ោង ហើយវាក៏មានហ្គេមពស់ និងសំឡេងភ្លេង Nokia ថ្មី ជាប់មកជាមួយទៀតដែរ។

តាមរយ:ការប្រកាសរបស់ក្រុមហ៊ុន Nokia 3310 ម៉ូឌែលថ្មីនេះ នឹងដាក់លក់ក្នុងតម្លៃ ៥១ ដុល្លារអាមេរិក នៅតំបន់អឺរ៉ុប ហើយវាត្រូវបានក្រុមហ៊ុនរំពឹងថា នឹងក្លាយជាទូរសព្ទសម្រាប់ប្រើផ្ទាប់ជាមួយស្មាតហ្វូន។

យ៉ាងណាក៏ដោយ ទូរសព្ទដៃប្រភេទធម្មតាដែលស្ទើរតែលែងត្រូវបានគេផលិតចេញទៅហើយនោះ កំពុងមានទីផ្សារកាន់តែធំនៅតំបន់ទ្វីបអាហ្រិ្វក ដោយសារតែថាមពលថ្ម និងតម្លៃរបស់វា ហើយនេះគឺជាការសំឡឹងឃើញរបស់ក្រុមហ៊ុន៕

ប្រភបព័ត៌មាន: theverge

មតិយោបល់