បន្ទាប់ពីក្រុមហ៊ុន ZTE បានបញ្ចេញស្មាតហ្វូនអេក្រង់ភ្លោះបត់ និងលេចឮជាបន្តបន្ទាប់ថា Samsung ក៏កំពុងគ្រោងចេញស្មាតហ្វូនអេក្រង់ប្រភេទថ្មីនេះឆ្នាំក្រោយនោះ ក្រុមហ៊ុន Huawei បានបង្ហើបប្រាប់ Cnet ថា ខ្លួនកំពុងធ្វើការលើទូរសព្ទប្រភេទអេក្រង់ដែលអាចបត់ចុះឡើង ហើយគ្រោងនឹងចេញវានៅឆ្នាំ ២០១៨។
លោក Rechard Yu នាយកប្រតិបត្តិក្រុមហ៊ុន Huawei បាននិយាយប្រាប់គេហទំព័រព័ត៌មានបច្ចេកវិទ្យារបស់ចិន Cnet ថា ខ្លួនពិតជាកំពុងធ្វើការរចនាគំរូស្មាតហ្វូនអេក្រង់បត់ដែលគ្រោងនឹងចេញឆាប់ៗខាងមុខមែន។ ប៉ុន្តែ រចនាបទរបស់វានៅមិនទាន់ល្អគ្រប់គ្រាន់នៅឡើយ ដែលទាមទារឱ្យមានការកែលំអបន្ថែមទៀត ដើម្បីអាចមានសក្តានុពលខ្ពស់នៅពេលវាយលុកលើទីផ្សារ។
លោក Yu បន្ថែមថា៖ ស្មាតហ្វូន Huawei អេក្រង់បត់ដែលមានក្នុងដៃក្រុមហ៊ុនបច្ចុប្បន្ន គឺមានអេក្រង់ពីរ ដែលមានចន្លោះប្រហោងឃ្លាតគ្នាបន្តិច ដែលនេះ មិនមែនជាចំណុចល្អនោះទេ ហើយយើងគួរតែលុបបំបាត់ប្រហោងនោះចោល។
យ៉ាងណាក្តី សម្រាប់ព័ត៌មានលម្អិត មិនត្រូវបានទម្លាយឱ្យដឹងច្រើនជាងនេះនោះទេ។ ដូច្នេះ យើងមានតែរង់ចាំអ៊ុតមើលតទៅទៀតប៉ុណ្ណោះ។ ប្រសិនបើ Huawei អាចដោះស្រាយរាប់បញ្ហាដែលខ្លួនកំពុងជួបប្រទះបានមែននោះ យើងនឹងឃើញសមាជិកស្មាតហ្វូនអេក្រង់បត់ថ្មីមួយទៀតនាពេលឆាប់ៗខាងមុននេះជាមិនខាន៕
ប្រភពព័ត៌មានៈ phonearena
មតិយោបល់