ខ្សែប្រយុទ្ធស្លាបអេហ្ស៊ីប Mohamed Salah របស់ក្រុមហង្សក្រហម Liverpool ពិតជារក្សាទម្រង់លេងបានយ៉ាងល្អមែន ដោយកីឡាកររូបនេះ ស៊ុតបាន ២គ្រាប់ក្នុងការជួយក្រុម Liverpool ឲ្យយកឈ្នះលើក្រុម Leicester City ក្នុងលទ្ធផល ២-១ ។
យ៉ាងណាវិញនោះ ២គ្រាប់របស់ខ្សែប្រយុទ្ធស្លាប Mohamed Salah បានធ្វើឲ្យកីឡាកររូបនេះកាន់តែតានតឹងក្នុងការប្រជែង Top Scorer ជាមួយនឹងខ្សែប្រយុទ្ធអង់គ្លេស Harry Kane នៅរដូវកាលនេះ។ ជាក់ស្តែងណាស់ Salah ស៊ុតបាន ១៧គ្រាប់ហើយ ក្នុងការបង្ហាញខ្លួនបាន ២១ប្រកួតឲ្យក្រុមហង្សក្រហម Liverpool ដែលគ្រាប់បាល់នេះ ចាញ់តែ១គ្រាប់ប៉ុណ្ណោះ តាមពីក្រោយ Harry Kane ដែលស៊ុតបាន ១៨គ្រាប់ ខណៈកីឡាកររូបនេះ នៅសល់ឱកាសស៊ុត១ប្រកួតក្នុងដៃទៀត។
គិតត្រឹមសប្តាហ៍ទី២១នេះ គ្រាប់បាល់ដែលស៊ុតបានច្រើនជាងគេគឺ Harry Kane ដែលបន្តគ្រងកំពូលតារាងអ្នកស៊ុតច្រើនជាងគេនៅរដូវកាលនេះ បន្ទាប់ពីការស៊ុត Hat trick ២ប្រកួតជាប់គ្នា។ ក៍ប៉ុន្តែ Mohamed Salah វិញ ក៍មិនណយដែរ ថ្វីបើមិនទាត់បាន Hat trick ដូច Harry Kane តែកីឡាករអេហ្ស៊ីបរូបនេះ នៅតែធ្វើបានយ៉ាងល្អ ដោយតាមពីក្រោយតែ១គ្រាប់ប៉ុណ្ណោះ។
ដូច្នេះហើយ សមរភូមិ Top Scorer នៅ Premier League កាន់តែតានតឹងរវាង Harry Kane និង Mohamed Salah ខណៈ Harry Kane ចង់ក្លាយជាកីឡាករដែលឈ្នះស្បែកជើងមាស Premier League ៣រដូវកាលជាប់គ្នា ចំណែក Mohamed Salah ចង់ឈ្នះស្បែកជើងមាសដំបូងនៅ Premier League ។
មតិយោបល់