ក្រុមហ៊ុន Samsung ប្រហែលជានឹងនាំពិភពលោកឈានទៅកាន់បច្ចេកវិទ្យាអេក្រង់ថ្មីមួយបែបទៀត បន្ថែមពីលើអេក្រង់បត់ដែលបានបែកធ្លាយជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
យោងតាមប្រភពពី Phone Arena ក្រុមហ៊ុនអេឡិចត្រូនិក Samsung បានដាក់សំណើសុំជាម្ជាស់កម្មសិទ្ធិបញ្ញាលើប៉ាតង់រចនាបទអេក្រង់រមូលថ្មីមួយ ដែលមានបន្ទះស្កេនក្រយៅដៃនៅលើផ្នែកតួសម្រាប់បន្ទះអេក្រង់រមូលចូល។
ប៉ាតង់នោះបង្ហាញនូវគំរូតួខ្លួនពីរបែប ដោយមួយរាងមូល និងមួយទៀតរាងជ្រុងសម្រាប់រមូលអេក្រង់ចូល ហើយបន្ទះស្គេនក្រយៅដៃ គឺសម្រាប់ប្រើដើម្បីមូលអេក្រង់ចូលដោយគ្រាន់តែដាក់ម្រាមដៃពីលើ។
គំរូអេក្រង់នេះ មិនបានបង្ហាញឱ្យដឹងថា តើវាអាចយកទៅផ្គុំប្រើជាមួយស្មាតហ្វូនបានឬក៏អត់នោះទេ ដូច្នេះ គេមិនប្រាកដទេថា តើអេក្រង់រមូលនោះ យកទៅប្រើក្នុងគោលបំណងអ្វីឡើយ។
គួរបញ្ជាក់ថា LG ក៏ធ្លាប់បង្ហាញអេក្រង់ដែលអាចរមូលបានផងដែរ ប៉ុន្តែ វាខុសពីគំរូអេក្រង់របស់ Samsung ដោយសារតែវាប្រើម៉ូទ័រតូចជាងខ្លាំងសម្រាប់បង្វិលបន្ទះអេក្រង់ចេញចូល៕
មតិយោបល់