ព័ត៌មានបច្ចេកវិទ្យា

នាយកប្រតិបត្តិក្រុមហ៊ុន Huawei​ បកស្រាយថា “ស្មាតហ្វូនមិនត្រូវការប្រើ RAM លើស 4GB ឡើយ”

ឆ្នាំមុន ស្មាតហ្វូនដំបូងដែលបំពាក់ RAM ទំហំ 6GB បានបង្ហាញខ្លួន មកទល់ពេលនេះ យើងឃើញមានក្រុមហ៊ុន​ OnePlus បានបញ្ចូល RAM ទំហំ 6GB ទៅក្នុងទូរស័ព្ទ OnePlus 3 និង OnePlus 3T របស់គេ។ ប៉ុន្តែ អ្វីដែលឃើញជាក់ស្តែង ពុំសូវជាមានក្រុមហ៊ុនផលិតស្មាតហ្វូនណា បញ្ចូល RAM ទំហំ 6GB លើស្មាតហ្វូនគេឡើយ។

ជាឧទាហរណ៍ នាយកប្រតិបត្តិក្រុមហ៊ុន Huawei លោក Lao Shi ថ្មីៗនេះបានបង្ហោះសារមួយលើគេហទំព័រ Weibo ថា ទំហំ RAM 4GB គឺគ្រប់គ្រាន់ហើយសម្រាប់ស្មាតហ្វូនក្នុងការប្រើប្រាស់បានយ៉ាងរលូនក្នុងពេលបច្ចុប្បន្ន។ ក្នុងសាររបស់លោកក៏បានបញ្ជាក់ថា ទូរស័ព្ទដៃ Huawei បំពាក់ RAM ទំហំ 4GB ធ្វើការបានល្អជាង RAM ទំហំ 6GB ទៅទៀត។

RAM ជាពាក្យតំណាងឲ្យ Random Access Memory ត្រូវបានប្រើប្រាស់សម្រាប់គ្រប់គ្រងកម្មវិធីដែលកំពុងបើកដំណើរការ ជួយឲ្យម៉ាស៊ីនប្រតិបត្តិការបានរហ័ស។

ជាការអះអាងថា ស្មាតហ្វូនពុំត្រូវការទំហំ RAM លើស 4GB លោក Lao បានលើកយកទូរស័ព្ទ iPhone 7 មកបកស្រាយ។ គាត់បានសបង្ហាញថា​ iPhone មានទំហំ RAM ត្រឹមតែ 2GB ប៉ុណ្ណោះតែអាចធ្វើការបានយ៉ាងរលូន ( iPhone 7 Plus មាន RAM ទំហំ 3GB )។

គួរបញ្ជាក់ដែលថា ការប៉ាន់ស្មាននេះ អាចនឹងប្រែប្រួលនាពេលអនាគតក៏ថាបាន។ ដូចដែលកាលពីឆ្នាំ ២០១៤ ប្រធានគ្រប់គ្រងទីផ្សារអ្នកប្រើប្រាស់ លោក Richard Yu ធ្លាប់បាននិយាយថា ពុំត្រូវការអេក្រង់ខ្នាត 2K (2556×1440) នៅលើស្មាតហ្វូនឡើយ។ ដោយលោកបានវិភាគឃើញថា សូម្បីតែអេក្រង់ខ្នាត FHD (1080 x 1920) និង QHD (1440 x 2560 ) ក៏អ្នកប្រើប្រាស់មើលមិនឃើញភាពខុសគ្នារវាងគ្នាផង។

ប៉ុន្តែការផ្លាស់ប្តូរនិន្នាការថ្មីបានមកដល់នៅក្នុងឆ្នាំ ២០១៦ ដោយលោកបានធ្វើការពិចារណាសារជាថ្មី នឹងផ្តល់យោបល់ផលិតអេក្រង់ខា្នត 2K សម្រាប់ស្មាតហ្វូនជំនាន់បន្ទាប់របស់ក្រុមហ៊ុន Hauwei។ គាត់ក៏បានលើកហេតុផលមកថា ដោយសារសម័យកាលបានផ្លាស់ថ្មី ឧបករណ៍ VR ដែលជាវែនតាបច្ចេកវិជ្ជាចេញមក ធ្វើការតភ្ជាប់គ្នាជាមួយស្មាតហ្វូន ដើម្បីទស្សនាវីដេអូបានដល់កម្រិត 4K (3,840×2,160 ) ឯណោះ ទើបបានជាលោកសម្រេចផ្លាស់ប្តូរគំនិត។

ហើយពួកយើងច្បាស់ជាមិនដឹងទេថា នឹងមានបច្ចេកវិជ្ជាអ្វីថ្មីលេចចេញមក នាពេលអនាគត ដែលនឹងទាមទាមឲ្យស្មាតហ្វូនបំពាក់ RAM ទំហំ 6GB ដើម្បីធ្វើការបានយ៉ាងត្រឹមត្រូវ៕

ប្រភព៖Phonearena.com

មតិយោបល់