ព័ត៌មានបច្ចេកវិទ្យា

ផ្អើល iPhone ផ្ទុះឆេះនៅហាង Apple ពីរផ្សេងគ្នា​ និងនៅពីរថ្ងៃជាប់គ្នា

ត្រឹមរយ:ពេលពីរថ្ងៃប៉ុណ្ណោះ ទូរសព្ទដៃ iPhone ត្រូវបាន Phone Arena រាយការណ៍ថា បានឆាប់ឆេះឡើងនៅហាង Apple Store ពីរផ្សេងគ្នា ដោយសារបញ្ហាថ្មរបស់វា ដោយមួយនៅទីក្រុង Valencia ប្រទេសអេស្ប៉ាញ និងមួយទៀតនៅទីក្រុង Zurick ប្រទេសស្វីស។

តាមសេចក្តីរាយការណ៍ ករណីដំ​បូងកើតឡើងនៅថ្ងៃអង្គារ បណ្តាលឱ្យបុគ្គលិក​ហាង នៅ Zurich រងរបួសដោយរលាកភ្លើង បន្ទាប់ពីថ្មខាងក្នុងទូរសព្ទ iPhone មួយគ្រឿងឆាប់ឆេះឡើង។ ខណ:នោះ មនុស្ស ៧ ដែលកំពុងឋិតក្នុងហេតុការបានយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។

ដោយឡែក នៅថ្ងៃពុធ ថ្ម iPhone មួយគ្រឿងផ្សេងទៀត បានផ្ទុះឆេះរហូតហុយផ្សែងឡើង នៅពេលដែលវាកំពុងធ្វើការជួសជុល។ ភ្លាមៗនោះ អ្នកធ្វើការនៅទីនោះក៏ប្រញាប់ប្រញាល់បើកបង្អួតដើម្បីឱ្យផ្សែងហើរចេញក្រៅ។ ហេតុការនេះ បានធ្វើឱ្យភ្ញាក់ផ្អើល រហូតដល់បុគ្គលិកពន្លត់អគ្គិភ័យបីរូប និងក្រុមប៉ូលិសមក​ដល់កន្លែងកើតហេតុ។ ទោះយ៉ាងណា គ្មានអ្នករងគ្រោះណាម្នាក់នោះទេនៅក្នុងឧប្បត្តិវហេតុការនេះ។

គួររឭកថា ក្រុមហ៊ុន Apple ថ្មីៗនេះ បានសារភាពថា ខ្លួនបានខ្ទប់ល្បឿនដំណើរការ CPU របស់ iPhone ម៉ូឌែល 6 និងម៉ូឌែលក្រោយៗផ្សេងទៀត ដើម្បីបញ្ជៀសបញ្ហារលត់ម៉ាស៊ីន ដោយសារថាមពលថ្មចុះខ្សោយតាមអាយុកាល។ ហើយជាដំណោះស្រាយ ក្រុមហ៊ុនបានបញ្ចុះតម្លៃប្តូរថ្ម iPhone ទាំងនោះ ពី ៧៩ ដុល្លារ មកត្រឹម ២៩ ដុល្លារ រហូតដល់បំណាច់ឆ្នាំ។

ចាប់តាំងពីពេលនោះមក ហាង Apple ជាច្រើន មានការមមាញឹកខ្លាំងជាងសព្វដង ជាមួយនឹងការផ្លាស់ប្តូរថ្ម ដែលនេះអាចជាមូលហេតុបណ្តាលឱ្យលទ្ធភាពនៃការផ្ទុះឆេះថ្មកើនឡើង ដូចជាករណីថ្មីចុងក្រោយទាំងពីរនេះអីចឹង៕

មតិយោបល់