“ប្រើបញ្ឈរក៏បាន ផ្តេកក៏បាន!”
តាមរយៈព្រឹត្តិការណ៍ពិព័រណ៌ផលិតផលអេឡិចត្រូនិចពិភពលោកឆ្នាំ ២០១៨ ដែលកំពុងប្រព្រឹត្តិទៅនៅឯទីក្រុង Las Vegas សហរដ្ឋអាមេរិក ក្រុមហ៊ុន Samsung បានបើកបង្ហាញនុវក្តារខៀនឌីជីថលដ៏ថ្មីស្រឡាងមួយដែលបំពាក់អេក្រង់យក្សទំហំ ៥៥ អីុញ មានឈ្មោះថា Flip។
Samsung Flip នេះ ត្រូវបានរចនាឡើងដើម្បីប្រើប្រាស់ក្នុងបន្ទប់កិច្ចប្រជុំផ្សេងៗ។ វាអាចត្រឡប់ប្រើបញ្ឈរ/ផ្តេក ឬដាក់ទាប/ខ្ពស់បានដោយងាយ។ ក្រុមហ៊ុនមិនបានគូសបញ្ជាក់ថា ឧបករណ៍អេឡិចត្រូនិកថ្មីនេះ ដើរដោយប្រព័ន្ធប្រតិបត្តិការអ្វីនោះទេ ប៉ុន្តែ គេដឹងថាវាត្រូវបានដាក់បញ្ចូលប្រព័ន្ធកម្មវិធីដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់គូសកំណត់សម្គាល់ផ្សេងៗលើផ្ទៃអេក្រង់ ថតរូប និងមុខងារសម្រាប់ធ្វើបទបង្ហាញផ្សេងៗទៀត។
បន្ថែមពីលើនេះ វាក៏មានផងដែរនូវប្រព័ន្ធតភ្ជាប់ឥតខ្សែ រន្ធភ្ជាប់ទៅកាន់កុំព្យូទ័រ និងទូរសព្ទចល័ត ដែលអនុញ្ញាតឱ្យលោកអ្នកចែកចាយមាតិកាដែលកំពុងបង្ហាញនៅលើអេក្រង់របស់វា ទៅកាន់អេក្រង់ឧបករណ៍ដទៃដូចជា កុំព្យូទ័រ ថេប្លេត និងស្មាតហ្វូនបាន។ ម្យ៉ាងទៀត ផ្ទៃអេក្រង់ប្រភេទប៉ះបញ្ជាដ៏ធំគុណភាពកម្រិត 4K របស់វា គាំទ្រឱ្យមនុស្ស ៤ នាក់ប៉ះបញ្ជាដោយម្រាមដៃ ឬប៊ិកអេឡិចត្រូនិកក្នុងពេលដំណាលគ្នាផងដែរ។
ក្តារខៀនអេឡិចត្រូនិកដ៏ទំនើបនេះ កំពុងស្តែងឱ្យឃើញយ៉ាងច្បាស់ពីការប៉នប៉ងរបស់ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េ ក្នុងការចូលខ្លួនប្រកួតប្រជែងជាមួយផលិតផល Surface Hub របស់ Microsoft និង Jamboard របស់ក្រុមហ៊ុន Google ដែលមានប្រព័ន្ធកម្មវិធីផ្ទាល់ខ្លួន ខណៈ Samsung នៅខ្វះខាតសក្តានុពលនេះនៅឡើយ។
ចំពោះតម្លៃវិញ និងកាលបរិច្ឆេទចេញលក់ជាក់លាក់ចំពោះក្តារខៀនឌីជីថលនេះ Samsung មិនទាន់បានប្រាប់ឱ្យដឹងនៅឡើយទេ ដោយគ្រាន់តែថា វានឹងមានលើទីផ្សារពេលក្រោយនៅក្នុងខែនេះ៕
ប្រភពព័ត៌មានៈ theverge
មតិយោបល់