ព័ត៌មានបច្ចេកវិទ្យា

កូនកាមេរ៉ាឥតខ្សែវៃឆ្លាតដំបូងបង្អស់របស់ Google ចេញលក់ភ្លាម ដាច់ស្តុកភ្លែត!

កាមេរ៉ាឥតខ្សែបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដ៏តូចច្រឡឹងដំបូងបង្អស់របស់ក្រុមហ៊ុន Google បាន បើកឱ្យមហាជននៅអាមេរិកកម៉្មង់ទិញដោយស្ងាត់ៗកាលពីប៉ុន្មានថ្ងៃមុននេះ នៅលើ Google Store បន្ទាប់ពីវាត្រូវបានប្រកាសចេញកាលពី​ខែតុលា។

ប៉ុន្តែ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រុមហ៊ុនក៏បានផ្អាកទទួលការបញ្ជាទិញ ដោយសារផលិតផលរបស់ខ្លួនត្រូវអស់ពីស្តុក។ ដោយឡែក សម្រាប់អ្នកដែលបានកម្ម៉ង់ទិញរួចត្រូវរង់ចាំរហូតដល់ចន្លោះថ្ងៃទី ២៧ កុម្ភ: ដល់ ៥ មិនា។

កូនកាមេរ៉ាដ៏វៃឆ្លាតដែលមានប្រដាប់ថ្ពក់នៅពីក្រោយ អាចយកទៅបំពាក់ ឬព្យូរនៅទីកន្លែងណាមួយបានយ៉ាងងាយស្រួលនោះ គឺមានតម្លៃ ២៤៩ ដុល្លារ (តម្លៃបរទេស)។ វាភ្ជាប់ដោយបច្ចេកវិទ្យាឥតខ្សែដែលអាចបញ្ជូនរូប​ថត-វីដេអូទៅផ្ទុកក្នុងគណនី Google Image លើបណ្តាញអិុនធើណែត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែកបន្តឯកសារនោះទៅកាន់អ្នកដទៃ ឬឆែកមើលតាមស្មាតហ្វូនបានយ៉ាងងាយស្រួល។

អ្វីដែលពិសេសជាងនេះនោះគឺ វាអាចផ្តិតយករូបភាព-វីដេអូអំពីសកម្មភាពខ្លីៗបានដោយស្វ័យប្រវតិ្ត ជាមួយសមត្ថភាពកាមេរ៉ាទំហំ ១២ មេហ្គាភិចសែល អាចចាប់​យក​រូបភាពក្នុងមុំ ១២០ ដឺក្រ និងអាចថតវីដេអូបានរយ:ពេល ២ ម៉ោង។

កន្លងមកនេះ ក្រុមហ៊ុន Google បានឱ្យដឹងថា ខ្លួនកំពុងធ្វើការជាមួយអ្នកថតរូបជំនាញដើម្បីបង្វិកប្រព័ន្ធកម្មវិធី AI ​​ឱ្យកាន់តែវ័យឆ្លាតក្នុងការជួយឱ្យការផ្តិតយករូបភាព-វីដេអូទទួលបានលទ្ធផល និងគុណភាពកាន់​តែល្អប្រសើរឡើងថែមទៀត៕

 

មតិយោបល់