មិនថា iPhone ឬ iPad របស់លោកអ្នកជាស៊េរីចាស់ ឬថ្មីនោះទេ ប្រសិនបើវាចេះតែរលត់ដោយឯកឯង ខណៈដែលថ្មរបស់វាមិនទាន់ស្រកអស់នោះ មុននឹងយកវាទៅដល់ដៃជាង ឬរកសេវាជុសជុល លោកអ្នកគួរសាកល្បងវិធីដែល Post Tech លើកយកមកបង្ហាញជូននៅខាងក្រោមនេះជាមុនសិន។ ពិព្រោះ ជួនកាលវាអាចបណ្តាលមកពីបញ្ហា Hardware ដូចជាឆ្នាំសាកថ្ម ឬ Software ក៏ថាបាន។
វិធីទី១- ឆែកមើលឆ្នាំផលិត iPhone របស់អ្នក (សម្រាប់តែ iPhone 6s)
ចំពោះលោកអ្នកដែលប្រើប្រាស់ iPhone 6s ដែលជួបប្រទះបញ្ហាថ្ម ចេះតែឡើងចុះ ហើយរលត់នោះ សូមឆែកមើលឆ្នាំផលិតរបស់វា ព្រោះទូរស័ព្ទរបស់ក្រុមហ៊ុន Apple ម៉ូឌែលនេះ ដែលផលិតចេញក្នុងអំឡុងខែកញ្ញា ដល់ខែតុលា ឆ្នាំ ២០១៥ ភាគច្រើនកើតមានបញ្ហាថ្ម។ ថ្មីៗនេះដែរ ក្រុមហ៊ុន Apple ផ្ទាល់ បានប្រកាសប្តូរថ្មថ្មីដោយឥតគិតថ្លៃ ជូនដល់អតិថិជនដែលទិញ iPhone 6s ប៉ះចំថ្មមានបញ្ហាផងដែរ។ សម្រាប់របៀបឆែក សូមចុចចូលតំណភ្ជាប់នេះ: “របៀបឆែកមើលថា តើថ្ម iPhone 6s របស់អ្នក មកពីនាយ ឬឆ្លងកាត់ការដោះដូរ”
វិធីទី២- ចុច Hard Reset ឬ Force Restart
ក- សូមចុចជាប់លើប៊ូតុង បិទ/បើក របស់ទូរសព្ទ iPhone ឬ iPad របស់លោកអ្នក
ខ- ខណ:កំពុងចុចលើប៊ូតុង បិទ/បើក សូមលោកអ្នកសង្កត់លើប៊ូតុង Home (សម្រាប់ iPhone ស៊េរី 6s ចុះ) ឬប៊ូតុងបន្ថយសំឡេង (សម្រាប់ iPhone ស៊េរី 7 ឡើង)
គ- សូមចុចប៊ូតុងទាំងពីរឱ្យជាប់រហូតដល់អេក្រង់ iPhone ឬ iPad របស់លោកអ្នករលត់ ហើយឆេះ ដោយលោតចេញរូបផ្លែប៉ោមឡើងវិញ។
វិធីទី៣– ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ iOS
ក្រុមហ៊ុន Apple តែងធ្វើបច្ចុប្បន្នភាព (update) ប្រព័ន្ធ iOS របស់ខ្លួនជាបន្តបន្ទាប់ ដើម្បីកែកំហុសឆ្គងកើតមាននៅលើប្រព័ន្ធចាស់ ឬបន្ថែមមុខងារថ្មីៗចូល។ បញ្ហាថ្ម iPhone ឬ iPad របស់លោកអ្នកអាចកើតឡើងដោយសារកំហុសឆ្គងផ្នែក Software ទាំងនោះ។ ម្លោះហើយ បើសិនវិធីទី ២ គ្មានប្រសិទ្ធភាព ចង់មិនចង់ លោកអ្នកគួរតែកែប្រព័ន្ធ iOS ឧបករណ៍របស់ខ្លួន ឱ្យឡើងដល់ជំនាន់ថ្មីចុងក្រោយបង្អស់។
ដើម្បីធ្វើដូចនេះ លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Settings -> General -> Software Update រួចចុចលើប៊ូតុង Update វានឹងលេចឡើងប្រសិនបើប្រព័ន្ធ iOS លើ iPhone ឬ iPad របស់លោកអ្នកទាន់ជាជំនាន់ចុងក្រោយ។
វិធីទី៤– ប្រើកម្មវិធី iTunes ដើម្បី Restore
នេះគឺជាជម្រើសដ៏លំបាកមួយ ព្រោះវាលុបចោលទិន្នន័យក្នុង iPhone ឬ iPad របស់អ្នកចោលទាំងអស់ ប៉ុន្តែ មុននឹងធ្វើវាលោកអ្នកអាចចុច Backup ដើម្បីទាញទិន្នន័យទៅរក្សាទុកជាមុនបាន។
ក- ភ្ជាប់ iPhone ឬ iPad ជាមួយកុំព្យូទ័រតាមខ្សែ USB របស់វា រួចបើកដំណើរការកម្មវិធី iTunes
ខ- ភ្លាមៗនោះ សូចចុចលើឈ្មោះឧបករណ៍របស់អ្នកដែលវានឹងបង្ហាញឡើងលើផ្ទាំងកម្មវិធី iTunes
គ- បន្ទាប់មក សូមចុចលើ Backup រួចរងចាំរហូតដល់ដំណើរការរបស់វាចប់
ឃ- បន្ទាប់មកទៀត សូមចុច Restore រួចរងចាំរហូតដល់ដំណើរការរបស់វាចប់
ង- ជាចុងក្រោយ លោកអ្នកអាចសាកល្បងសាកថ្មម្តងទៀតបានហើយ!
វិធីទី៥– សាកថ្មទុកចោល ឬប្តូរដុំសាកថ្មថ្មី
សូមលោកអ្នកដាក់សាក iPhone ឬ iPad របស់ខ្លួនទុកប៉ុន្មានម៉ោងចោល ហើយប្រសិនបើវានៅតែមិនអាចផ្ទេរថាមពលចូល ឬក៏នៅតែរលត់ សូមពិនិត្យមើលខ្សែ ឬដុំសាកថ្ម ថាតែវាជាផលិតផលក្លែងក្លាយ ឬក៏មកពីនាយ ព្រោះប្រសិនបើឆ្នាំងសាកនោះជារបស់មិនសុទ្ធទេ វាមិនចម្លងចរន្តបានល្អចូលទៅក្នុងឧបករណ៍របស់លោកអ្នក៕
គន្លឹះល្អៗផ្សេងទៀត៖
១-របៀបជុសជុលបញ្ហា iPhone គាំង លោតចេញរូបផ្លែប៉ោម ឬរលត់ឈឹង
២-ល្បិចបង្កើនទំហំផ្ទុក iPhone ដោយមិនទាមទារការលុបចោលអ្វីទាំងអស់
៣-របៀបដំឡើងប្រើ iPhone ទើបទិញថ្មី ឲ្យត្រឹមត្រូវតាមស្តង់ដាអ្នកជំនាញ
៤-វិធីផ្ទេរទិន្នន័យពី iPhone ទៅកាន់ទូរសព្ទ Android ដោយប្រើកម្មវិធី Google Drive
៥-វិធីងាយៗ ជួយសន្សំសំចៃថាមពលថ្ម iPhone ដំណើរការលើប្រព័ន្ធ iOS 10 បានខ្ពស់បំផុត
មតិយោបល់