ព័ត៌មានបច្ចេកវិទ្យា

iPhone លក់ថយ​ជាងការរំពឹងទុក តែប្រាក់ចំណេញនៅតែបំបែកកំណត់ត្រា!

នៅក្នុងរបាយការណ៍ប្រាក់ចំណូលនៅត្រីមាសចុងក្រោយនៃឆ្នាំ ២០១៧ របស់ Apple បានបង្ហាញឱ្យដឹងនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញថា ក្រុមហ៊ុនលក់ iPhone ដាច់បានសរុប​ ៧៧.៣ លានគ្រឿង ថយ ១.១៥% ធៀបនឹងឆ្នាំមុន តែនៅតែអាចបំបែកកំណត់ត្រាប្រាក់ចំណូលបានដដែល។

បើយោងតាមរបាយការណ៍ដដែល ក្នុងរយៈពេល ៣ ខែចុងក្រោយកាលពីឆ្នាំកន្លង Apple រកចំណូលបាន ៨៨.៣ ពាន់លានដុល្លារ ខ្ពស់ជាងឆ្នាំមុនដែលរកបាន ៧៨.៤ ពាន់លានដុល្លារ គិតក្នុងរយៈពេលដដែល។ ហើយវាក៏ហួសពីការរំពឹងទុកនៅចន្លោះពី ៨៤-៨៧ ពាន់លានដុល្លារផងដែរ។

កំណើននេះ គឺមិនអាចកាត់ផ្តាច់ពីចំណែកនៃការលក់ iPhone X ដែលមានតម្លៃដ៏ខ្ពស់ និងដែលលក់បានជាង ២០ លានគ្រឿង ច្រើនជាងគេបំផុតធៀបនឹងចំនួនលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃ នៅរយៈពេលដូចគ្នា។

ក្នុងអំឡុងត្រីមាសនោះដែរ Apple ក៏លក់ដាច់ iPad និងកុំព្យូទ័រ Mac បានចំនួន ១៣.២ និង ៥.១ លានគ្រឿង ថយនិងកើនជាងឆ្នាំមុន ដែលលក់ដាច់បានចំនួន ១៣ និង ៥.៤ លានគ្រឿង។

គួរបញ្ជាក់ថា តាមប្រភពក្រៅផ្លូវការជាច្រើន បានអះអាងថា ក្រុមហ៊ុន Apple នឹងបញ្ចេញ iPhone ស៊េរី​ឆ្នាំ ២០១៨ ចំនួន ៣ ម៉ូឌែល ហើយម៉ូឌែលនីមួយៗ សុទ្ធតែបំពាក់អេក្រង់ និងបច្ចេកវិទ្យាសំខាន់ៗមួយចំនួនដូចជា iPhone X បច្ចុប្បន្ន។ បើដូច្នេះមែន គេជឿជាក់ថា ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនយក្សអាមេរិកក្នុងត្រីមាសទី៤ ឆ្នាំនេះ នឹងកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ជាមិនខាន៕

ប្រភពព័ត៌មានៈ

មតិយោបល់