ចាកាតា៖ អ្នកជំនួញជនជាតិឥណ្ឌូនេស៊ី ៦នាក់ បានដាក់ពាក្យបណ្ដឹងទារសំណង ៧៤លានដុល្លារអាមេរិក ពីក្រុមហ៊ុន Ford Motor Co បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះ បានប្រកាសនឹងបិទប្រតិបត្តិការរបស់ខ្លួននៅពាក់កណ្ដាលឆ្នាំនេះ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
អ្នកជំនួញទាំង ៦នាក់នោះ សុទ្ធដឹងតែជា Dealer ធំៗរបស់ Ford ដែលមានដេប៉ូទាំងអស់ចំនួន ៣១កន្លែង និងបានវិនិយោគទុករាប់លានដុល្លារអាមេរិក ជាមួយនឹង Ford ប៉ុន្តែនៅសុខៗ ស្រាប់តែ Ford ប្រកាសបិទប្រតិបត្តិការ ដែលជាហេតុនាំឲ្យពួកគេដាក់ពាក្យបណ្ដឹងទាមទារសំណងតែម្ដង។
លោក Andee Yoestong ជា Dealer ធំ ដែលមានដេប៉ូលក់រថយន្ត Ford ចំនួន ១១កន្លែង បានឲ្យដឹងថា លោកបានសហការជាមួយ Ford ទាំងពីឆ្នាំ ២០០២ ហើយការដាក់ពាក្យបណ្ដឹងនេះ មកពី Ford ប្រកាសបិទប្រតិបត្តិការរបស់ខ្លួន ដោយមិនបានពិភាក្សាជាមួយរូបលោក។
ចំណែក ៥នាក់ផ្សេងទៀត ក៏បាននិយាយដូចគ្នាថា ពួកគេបានចំណាយលុយយ៉ាងច្រើនសន្ធឹកក្នុងកិច្ចសហប្រតិបត្តិការជាមួយ Ford ប៉ុន្តែបែរជាក្រុមហ៊ុនអាមេរិកមួយនេះ ប្រកាសបិទប្រតិបត្តិការ ដែលនាំឲ្យពួកគេខាតបង់ប្រាក់រាប់លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា នៅក្នុងពាក្យបណ្ដឹងនោះ ពួកគេទុកពេលឲ្យ Ford ចំនួន ៣ថ្ងៃ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ហើយបើសិនជា ៣ថ្ងៃក្រោយ មិនមានដំណោះស្រាយនោះទេ ពួកគេនឹងស្នើឲ្យតុលាការមានវិធានការ៕
មតិយោបល់