ព័ត៌មានបច្ចេកវិទ្យា

Samsung នឹងពង្រីករចនាបទអេក្រង់ S8 ដល់ស្មាតហ្វូនថ្នាក់កណ្តាលខ្លួន

ក្រុមហ៊ុន​ Samsung កំពុងពង្រីកបន្ថែមរចនាបទអេក្រង់ស៊ុមស្តើងដូចជា Galaxy S8 ឱ្យបានដល់ពពួកស្មាត​ហ្វូនកម្រិតមធ្យមរបស់ខ្លួន ដើម្បីបង្កើនប្រាក់ចំណេញឱ្យកាន់ខ្លាំងឡើងថែមទៀត។ នេះបើយោងតាមប្រភពស្និទ្ធនឹងក្រុមហ៊ុនបង្ហើបឱ្យដឹង និងត្រូវបានគេហទំព័រ The Investor យកមកចុះផ្សាយថ្ងៃម្សិលមិញ។

ក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់កូរ៉េ បានប្រើប្រាស់នូវរចនាបទអេក្រង់ពេញគែមសម្រាប់ស្មាតហ្វូនបំពាក់អេក្រង់ប្រភេទ LED ដែលអាចពុតបាន ដូចជា S8/S8+។ ប៉ុន្តែ ខ្លួនកំពុងគ្រោងនឹងយករចនាបទដែលកំពុងពេញនិយមនេះ ទៅបំពាក់លើផលិតផលទូរសព្ទលំដាប់ថ្នាក់កណ្តាលដទៃជាមួយនឹងការប្រើប្រាស់កញ្ចក់អេក្រង់ប្រភេទ OLED រឹង។

គួរបញ្ជាក់ថា អេក្រង់ OLED មានពីរប្រភេទ: មួយអាចពុតបាន និងមួយទៀតមិនអាចពុតបាន។ ក្នុងនោះ អេក្រង់ប្រភេទអាចពុតបាន កំពុងត្រូវបានយកទៅបំពាក់ឱ្យស្មាតហ្វូនលំដាប់ថ្នាក់ខ្ពស់ៗ ខណ:វាមានតម្លៃថ្លៃជាងអេក្រង់ OLED ប្រភេទរឹង។

ជាមួយការពង្រីកបន្ថែមរចនាបទអេក្រង់ពេញគែមនេះដែរ គឺក្រុមហ៊ុន Samsung ធ្វើឡើងដើម្បីក្តោបក្តាប់ទីផ្សារអេក្រង់ OLED សម្រាប់ឧបករណ៍ចល័តដែលខ្លួនមានក្នុងដៃជាង ៩៥% ទៅហើយនោះ ឱ្យកាន់តែរឹងមាំ និងទទួលបានប្រាក់ចំណេញកាន់តែខ្ពស់។ មិនតែប៉ុណ្ណោះ​ ក៏ដើម្បីពង្រីកសក្តានុពលបច្ចេកវិទ្យាអេក្រង់របស់ខ្លួន នៅចំពោះមុខក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនដែលកំពុងមានការរីកចម្រើនខ្លាំង និងលេចវត្តមានកាន់តែច្រើនឡើងៗផងដែរ៕

 

មតិយោបល់