ក្រុមហ៊ុន Facebook បានរក្សាទុកទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួននៅសហគមអឺរ៉ុបរហូតដល់ជាង ៧៣% ស្មើនឹង ៤០% នៃអត្រាប្រជាពលរដ្ឋក្នុងសហគមទាំងមូល ពាក់ព័ន្ធទៅនឹងអ្វីៗដែលពួកគេចាប់អារម្មណ៍។ នេះបើយោងតាមលទ្ធផលស្រាវជ្រាវពីសកលវិទ្យាល័យ Carlos III of Madrid ទើបចេញផ្សាយថ្មីៗ។
ជាមួយតួលេខនេះ គឺមានន័យថា ទិន្នន័យឯកជនពលរដ្ឋអឺរ៉ុបចំនួន ២០៥ លាននាក់ មិនត្រូវបានរក្សាទុកជាអនាមិកនោះទេ ហើយអត្តសញ្ញាណរបស់ពួកគេ អាចត្រូវគេកំណត់ដឹងបានតាមរយៈទិន្នន័យដែលផ្ទុកនៅលើ Facebook និងដែលអាចនាំឱ្យពួកគេងាយរងគ្រោះពីការវាយប្រហារក្រោមរូបភាពផ្សេងៗ។
ទាក់ទងទៅនឹងបញ្ហានេះ សហគមន៍អឺរ៉ុបបានតាក់តែងច្បាប់ថ្មីមួយមានឈ្មោះថា General Data Protection Regulation (ច្បាប់ការពារទិន្នន័យទូទៅ) និងដែលចាប់អនុវត្តនៅថ្ងៃទី ២៥ ឧសភាខាងមុខ។
ច្បាប់ GDPR នឹងធ្វើការរឹតបណ្តឹងចំពោះមធ្យោបាយដែលក្រុមហ៊ុនអាជីវកម្មនានាប្រើប្រាស់ និងរក្សាទុកទិន្នន័យឯកជនអតិថិជនរបស់ពួកគេ ហើយអ្នកប៉ះពាល់ខ្លាំងគឺក្រុមហ៊ុនបច្ចេកវិទ្យាបរទេសដែលកំពុងប្រតិបត្តិក្នុងតំបន់។
ក្រុមអ្នកស្រាវជ្រាវបានគូសបញ្ជាក់ផងដែរថា ហេតុផលមួយដែល Facebook កត់ត្រាទុកនូវចំណូលចិត្តអ្នកប្រើប្រាស់គឺ ធ្វើឡើងក្នុងគោលដៅបង្កើនប្រសិទ្ធភាពការផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គមរបស់ខ្លួន ដែលសកម្មភាពនេះ ត្រូវបានចាត់ទុកថា ក្រុមហ៊ុនកេងចំណេញពីទិន្នន័យឯកជនរបស់ពួកគេសម្រាប់ការឃោសនារកកម្រៃផ្ទាល់ខ្លួន៕
ប្រភពព័ត៌មានៈ thenextweb
មតិយោបល់