យោងតាម Pocket Now ដែលបានស្រង់របាយការណ៍ពីគេហទំព័រព័ត៌មានមួយនៅក្នុងប្រទេសចិន ឈ្មោះ six-six.com បានឱ្យដឹងថា iPhone តម្លៃមធ្យមរបស់ក្រុមហ៊ុន Apple ជំនាន់ទី២ នឹងបង្ហាញវត្តមាននៅឯព្រឹតិ្តការណ៍ WWDC 2018 នាដើមខែមិថុនា។
មូលហេតុមួយដែលនាំឱ្យ Apple នឹងធ្វើបែបនេះ គឺត្រូវគេព្យាករណ៍ថា ដោយសារតែការលក់ផលិតផល iPhone មិនទទួលបានលទ្ធផលគាប់ប្រសើរក្នុងរយៈពេលចុងក្រោយនេះ ហើយវត្តមានរបស់ iPhone SE 2 នឹងអាចជំរុញកំណើនតួលេខនោះ។
ខុសពី iPhone SE ដែលចេញក្នុងឆ្នាំ ២០១៦ ប្រើប្រាស់សមាសធាតុផ្សំ Hardware ជំនាន់ចុងក្រោយ SE 2 នឹងបំពាក់បន្ទះឈីប CPU ជំនាន់ A10 ដែលមានអាយុកាលមួយឆ្នាំមកហើយ ព្រមជាមួយ RAM ទំហំ ២ ជីហ្គាបៃយ៍ បន្ទះស្គេនក្រយៅដៃ Touch ID ជំនាន់ទី២ លើប៊ូតុង Home និងប្រើអេក្រង់ទំហំ ៤.២ អីុញ ធំជាងជំនាន់មុនរបស់វា ០.២ អីុញ។
របាយការណ៍ដដែលឱ្យដឹងបន្ថែមទៀតថា ស្មាតហ្វូនអេក្រង់តូចជំនាន់បន្ទាប់របស់ Apple នោះ នឹងស្រោបដោយសម្បកលោហៈ ដែលមិនអាចគាំទ្រជាមួយបច្ចេកវិទ្យាសាកថ្មឥតខ្សែ ដូចព័ត៌មានចចាមអារ៉ាលើកឡើងមកន្លងមក។
iPhone SE 2 នោះផងដែរ នឹងមានជម្រើសទំហំមេម៉ូរីម៉ាស៊ីន ៣២/១២៨ ជីហ្គាបៃយ៍ ជាមួយតម្លៃលក់ក្នុងប្រទេសចិនចន្លោះពី ៥០០-៥៥០/ ៦៣០ ដុល្លារ ប្រហាក់ប្រហែលនឹងតម្លៃ iPhone 7 នាពេលបច្ចុប្បន្ន៕
មតិយោបល់