យោងតាមរបាយការណ៍ពីគេហទំព័រ Bloomberg ស្រង់ព័ត៌មានចេញពីប្រភពមួយដែលស្និទ្ធនឹងគម្រោង បានឱ្យដឹងថា កាសឥតខ្សែ AirPod ជំនាន់ទី២ របស់ Apple នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់បញ្ជាតាមសំឡេងជាមួយមុខងារ Siri និងមានបន្ថែមស្រទាប់ការពារទឹកជ្រាប។
ប្រភពដដែលបន្ថែមថា AirPod 2 នឹងបំពាក់បន្ទះឈីប Wireless ជំនាន់ថ្មីអាចជា W2 សម្រាប់ជួយឱ្យវាកាន់តែមានសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយកាសឥតខ្សែរបស់ក្រុមហ៊ុនដទៃ ទាំងភាពងាយស្រួលក្នុងការតភ្ជាប់ និង គុណភាពក្នុងការប្រើប្រាស់។
គួរបញ្ជាក់ថា AirPod ជំនាន់បន្ទាប់នេះ ត្រូវគេគ្រោងនឹងប្រកាសចេញនៅចុងឆ្នាំ និងចេញលក់នៅដើមឆ្នាំក្រោយ ហើយស្រទាប់ការពារទឹកជ្រាបនោះ គឺរចនាឡើងដើម្បីបញ្ជៀសបញ្ហាខូចខាតដែលអាចកើតឡើងដោយសារទឹកភ្លៀង ឬការខ្ទាតទឹកចូលជាដើម។
យោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ NPD Group បានប៉ាន់ប្រមាណថា AirPod របស់ Apple បច្ចុប្បន្ន លក់ដាច់បានស្មើនឹង ៨៥% នៃកាសស្តាប់ត្រចៀកឥតខ្សែនៅក្នុងសហរដ្ឋអាមេរិក គិតនៅចន្លោះខែធ្នូ ២០១៦ ដល់ កញ្ញា ២០១៧៕
ប្រភពព័ត៌មានៈBloomberg
មតិយោបល់