ព័ត៌មានបច្ចេកវិទ្យា

Samsung ងក់ក្បាល Galaxy Note 8 នឹងនៅតែបន្តចេញដដែល

ក្រោយពីការប្រកាសលទ្ធផលស៊ើបអង្កេតជាផ្លូវការណ៍ លើមូលហេតុដែលនាំឱ្យ Galaxy Note 7 ផ្ទុះឆេះត្រូវបានធ្វើឡើងរួចរាល់ ប្រធានផ្នែកឧបករណ៍ចល័តរបស់ក្រុមហ៊ុន Samsung គឺលោក Tim Baxter បានមានប្រសាសន៍ក្នុងកិច្ចសម្ភាស៍មួយថា ក្រុមហ៊ុន Samsung នៅតែបន្តការងារលើស្មាតហ្វូនត្រកូល Note ដដែល។

លោក Baxter បានបន្ថែមថា៖ «នៅក្នុងអំឡុងពេលនៃដំណើរការស៊ើបអង្កេត យើងរកឃើញថា អតិថិជនជាច្រើននៅតែស្មោះស្ម័គ្រជាមួយនឹងកំពូលទូរស័ព្ទត្រកូល​ Note ដដែល ហើយពួកគេកំពុងទន្ទឹងរង់ចាំការមកដល់នៃសមាជិកថ្មីរបស់វា»។ ក្រុមហ៊ុននឹងបន្តផលិតចេញ Galaxy Note ជំនាន់បន្ទាប់ដដែល ប៉ុន្តែ វាត្រូវដាក់ឱ្យឆ្លងកាត់ការធ្វើតេស្តលើបញ្ហាសុវត្ថិភាពថ្មយ៉ាងតឹងរឹងបំផុត ដើម្បីស្តារទំនុកចិត្តរបស់អតិថិជនចំពោះក្រុមហ៊ុនឡើងវិញ។

គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សរបស់កូរ៉េមួយនេះ ទើបបានប្រកាសឱ្យសាធារណ:ជនបានដឹងអំពីមូលហេតុនៃការផ្ទុះឆេះរបស់ Galaxy Note 7 ព្រមទាំងដាក់ចេញនូវវិធានការឆែកសុវត្ថិភាពថ្ម ៨ ដំណាក់កាល មុននឹងសម្រេចដាក់វាបញ្ចូលក្នុងទូរស័ព្ទ និងលក់ចេញទៅដល់ដៃអតិថិជន៕

ប្រភពព័ត៌មាន៖ Cnet

មតិយោបល់