ព័ត៌មានបច្ចេកវិទ្យា

របាយការណ៍ថ្មីៈ iPhone 8 នឹងបំពាក់ Touch ID លើអេក្រង់ OLED ជាមួយបន្ទះស្កេនក្រយៅដៃអ៊ុបទិក

យោងតាមរបាយការណ៍ថ្មីមួយពីសារព័ត៌មាន Economic Daily News ទូរសព្ទ ដៃ iPhone 8 នឹងប្រើប្រាស់បច្ចេកវិទ្យាស្កេនក្រយៅដៃអ៊ុបទិកថ្មី ដែលអនុញ្ញាត ឱ្យអ្នកប្រើប្រាស់ដាក់ម្រាមដៃរបស់ពួកគេលើអេក្រង់ OLED ដោយ​ផ្ទាល់ និងមានជាប៊ូតុង Home ដែលភ្ជាប់ជាមួយ Touch ID តែម្តង។

ខ្នាតអេក្រង់របស់វាទៀតសោត នឹងផ្លាស់ប្តូរពី 16:9 (បណ្តោយ ១៦ អីុញ: ទទឹង ៩ អីុញ) នៅលើ iPhone 7 ទៅ 18.5:9 ហើយវានឹងបំពាក់អង្គញាណ Infrared ជាមួយកាមេរ៉ា AR ដែលអាចក្រិតទីជម្រៅសម្រាប់ថតសម្គាល់ផ្ទៃមុខរបស់មនុស្ស ដើម្បីដោះសោចូលទៅប្រើទូរសព្ទ។ នេះបើយោងតាមអ្នកវិភាគផលិតផល Apple ដ៏ល្បីល្បាញឈ្មោះ Ming-Chi Kuo អះអាងក្នុងរបាយការណ៍កន្លងទៅនេះ។

iPhone 8 ត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ប្តូរយ៉ាងធំសម្បើម ទាំងលក្ខណ:​សម្បត្តិខាងក្រៅ និងមុខងារប្រើប្រាស់ ព្រមជាមួយតួខ្លួនផលិតពីលោហ:មិនចេះច្រេះ។ ម្យ៉ាងទៀត អេក្រង់របស់វានឹងបង្កើនទៅដល់ទំហំ ៥.៨ អីុញ ស្ទើរគ្មានស៊ុមព័ទ្ធជុំវិញ និងរក្សាទំហំតួខ្លួនមិនឱ្យធំជាង iPhone 7 ដែលមានទំហំអេក្រង់ ៤.៧ អីុញឡើយ។

ពីរបីខែកន្លងមក ព័ត៌មានចចាមអារ៉ាមជាច្រើនលើកឡើងថា បន្ទះស្កេនក្រយៅដៃរបស់ iPhone 8 នឹងបំពាក់នៅផ្នែកខាងក្រោយ ប៉ុន្តែ ប្រភពជាច្រើនផ្សេងទៀត ពិសេសក្នុងរបាយការណ៍ចុងក្រោយនេះថា Apple នឹងជ្រើសរើសបំពាក់វានៅផ្នែកខាងមុខ ជាជាងផ្នែកខាងក្រោយ ជាមួយប៊ូតុង Home តែម្តង ដើម្បីងាយស្រួលក្នុងការដោះសោចូលទៅកាន់កម្មវិធីទូរសព្ទ៕

ប្រភពព័ត៌មាន: 9to5mac

មតិយោបល់