ព័ត៌មានបច្ចេកវិទ្យា

វិធី Backup ទិន្នន័យលើទូរស័ព្ទដើរដោយប្រព័ន្ធ Android ទុកក្នុង Google Drive

ទិន្នន័យលើទូរស័ព្ទដូចជា Contacts, Call log, Calendar, ឬទិន្នន័យក្នុងកម្មវិធីផ្សេងៗ ជារួមទៅ វាពិតជាមានសារសំខាន់សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនគ្រប់រូប។ ដូច្នេះ ចង់មិនចង់ ដើម្បីសុវត្ថិភាពរបស់វា ឬដើម្បីបង្កាពេលទូរស័ព្ទខូច ឬបាត់បង់ដោយប្រការណាមួយនោះ លោកអ្នកគួរតែធ្វើការ Backup វាទុកលើបណ្តាញអីុនធើណែតតាមរយៈ Google Drive។ ម្យ៉ាងទៀត វានឹងផ្តល់ភាពងាយស្រួលដល់លោកអ្នកនៅពេលត្រូវការផ្លាស់ប្តូរទូរស័ព្ទម្តងៗផងដែរ។

លក្ខខណ្ឌអនុវត្ត៖

  • ទូរសព្ទត្រូវភ្ជាប់អីុនធើណែត និងមានកម្មវិធី Google Drive ដំឡើងរួចជាស្រេច
  • លោកអ្នកបានចុះឈ្មោះបង្កើតគណនី Google Drive ផ្ទាល់ខ្លួនមួយរួចជាស្រេចហើយ

របៀបអនុវត្ត៖

១- សូមបើកដំណើរការកម្មវិធី Settings -> Advanced Settings -> Backup & reset -> Back up my data

២- វាយលេខកូដសម្ងាត់ ៤ ខ្ទង់ (លេខដែលលោកអ្នកប្រើសម្រាប់ចាក់សោទូរស័ព្ទ) ចំនួន ២ ដង ប្រសិនបើវាទាមទារ

៣- បន្ទាប់មក ចុចលើប៊ូតុង ON/OFF ដើម្បីបើកមុខងារ Back up my data (ប៊ូតុងនោះនឹងផ្លាស់មកពណ៌បៃតង)។

៤- ឈរនៅលើមឺនុយ Backup & reset សូមចុចលើប៊ូតុង Backup account រួចជ្រើសរើសគណនី Gmail ណាមួយរបស់លោកអ្នក (ប្រសិនបើមានច្រើន ឬបើមិនទាន់មាន សូមចុចលើប៊ូតុង Add ដើម្បីដាក់បញ្ចូល)

៥- សូមត្រឡប់ទៅកាន់កម្មវិធី Settings -> Accounts -> Google រួចជ្រើសរើសយកឈ្មោះគណនី Gmail ដែលលោកអ្នកបានជ្រើសរើសមុននេះ។

៦- លោកអ្នកនឹងឃើញបញ្ជីឈ្មោះប្រភេទទិន្នន័យខុសៗគ្នាដែលបាន Backup រួច បន្ទាប់មក សូមចុចលើប៊ូតុង Sync all ជាការស្រេច។

៧-​ សូមបើកកម្មវិធី Google Drive រួចចូលទៅកាន់ Backups នោះលោកអ្នកនឹងឃើញទិន្នន័យដែលទើបបាន Backup ទុកជាមិនខាន៕

បញ្ជាក់ៈ បន្ទាប់ពី Backup រួច ពេលលោកអ្នកប្តូរទៅប្រើទូរស័ព្ទដើរដោយប្រព័ន្ធ Android ថ្មីមួយផ្សេងទៀត លោកអ្នកគ្រាន់តែចុះឈ្មោះជាមួយគណនី Gmail ដែលខ្លួនបានលើទូរស័ព្ទចាស់ នោះលេខទូរស័ព្ទទំនាក់ទំនងក្នុងកម្មវិធី Contacts ជាដើមនោះ នឹងវិលត្រឡប់មកចូលទូរស័ព្ទថ្មីរបស់លោកអ្នកជាមិនខាន៕

មតិយោបល់