ក្រុមហ៊ុន Facebook នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ បានសម្រេចបិទបញ្ចប់ការសាកល្បងផ្តាច់ News Feed របស់អ្នកប្រើប្រាស់ជាពីរ នៅក្នុងប្រទេសចំនួន ៦ ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
ការសម្រេចបែបនេះ គឺធ្វើឡើងក្រោយមានមតិរិះគន់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួន និងដោយសារលទ្ធផលស្ទាបស្ទង់មតិបង្ហាញថា អ្នកប្រើ Facebook ភាគច្រើនមិនពេញចិត្តចំពោះការញែកមាតិកាជាពីរបែបនោះ ហើយថា វាមិនបានជួយឱ្យពួកគេខ្លួនភ្ជាប់ទំនាក់ទំនងជាមួយញាត្តិមិត្តបានល្អជាងមុនឡើយ។
គួរបញ្ជាក់ថា ការសាកល្បងបែងចែកមាតិកាព័ត៌មានដែលបង្ហោះចេញពី Facebook Page ចេញពីផ្ទាំង News Feed របស់អ្នកប្រើប្រាស់ Facebook ទៅដាក់ដាច់ដោយឡែកក្នុង Explore Feed គឺធ្វើឡើងចាប់តាំងពីខែតុលា នៅក្នុងប្រទេសបូលីវី កម្ពុជា ហ្គាតេម៉ាឡា ស៊ែប៊ី ស្លូវ៉ាគី និងស្រីលង្កា។
លោក Adam Mosseri ប្រធានគ្រប់គ្រង News Feed របស់ក្រុមហ៊ុន Facebook បាននិយាយថា៖ ក្រុមហ៊ុនបណ្តាញសង្គមរបស់យើងសម្រេចបញ្ចប់ការសាកល្បង និងរក្សា News Feed តែមួយដូចមុនវិញ ពិព្រោះអ្នកប្រើប្រាស់់បានប្រាប់យើងនៅក្នុងសម្រង់ស្ថិតិថា ពួកគេមិនពេញចិត្តចំពោះការផ្លាស់ប្តូរនោះទេ។
លោក Adam បន្ថែមថា ក្រុមហ៊ុនបានទទួលមតិរិះគន់ពីអ្នកប្រើប្រាស់ក្នុងប្រទេសទាំង ៦ ថា ក្រុមហ៊ុនធ្វើឱ្យពួកគេពិបាកក្នុងការចូលទៅកាន់ព័ត៌មានសំខាន់ដែលពួកខ្លួនចូលចិត្ត។
ទាក់ទងទៅនឹងព័ត៌មាននេះដែរ ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា បានសម្តែងការស្វាគមន៍យ៉ាងខ្លាំង។
លោក ណុប វី និពន្ធនាយក នៃស្ថានីយ៍វិទ្យុសំឡេងប្រជាធិបតេយ្យ បានថ្លែងថា៖ អ្នកប្រើប្រាស់បណ្តាញសង្គម Facebook នៅក្នុងប្រទេសកម្ពុជា នឹងអាចទទួលបានព័ត៌មានពីស្ថាប័នដែលពួកគេចូលចិត្តម្តងទៀត ក្រោយពីចំនួនអ្នកចូលមើលមានការធ្លាក់ចុះយ៉ាងកំហុគពី ៣០% ទៅ ៤០% អំឡុងការសាកល្បង។
ទោះយ៉ាងណា ក្រុមហ៊ុន Facebook មិនទាន់បានបញ្ជាក់ថា ខ្លួននឹងដក Explore Feed ចេញវិញនៅថ្ងៃណានោះទេ ខណៈនៅពេលនេះ វានៅតែមានលើបណ្តាញសង្គមនៅឡើយ ប៉ុន្តែ វាអាចនឹងត្រូវដកចេញឆាប់ៗនេះហើយ៕

ប្រភពព័ត៌មានៈ Reuters
មតិយោបល់