ព័ត៌មានបច្ចេកវិទ្យា

កូរ៉េខាងត្បូងហាមឃាត់ការលក់រថយន្ត Nissan, BMW និង Porsche មួយចំនួន

ប្រទេសកូរ៉េខាងត្បូងបានហាមឃាត់ការលក់រថយន្តម៉ូដែលមួយចំនួនរបស់ក្រុមហ៊ុន Nissan, BMW, និង Porsche ក្រោយពីក្រុមហ៊ុនផលិតរថយន្តទាំងនេះ ត្រូវបានគេរកឃើញថា បានក្លែងបន្លំឯកសារវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាព បន្ទាប់ពីរឿងអាស្រូវរបស់ក្រុមហ៊ុន Volkswagen ទាក់ទងទៅនឹងការបំភាយចំហោះឧស្ម័នពីរថយន្តត្រូវបានទម្លាយ។

រដ្ឋាភិបាលបានប្រកាសនៅក្នុងខែកញ្ញាថា ខ្លួនបានចេញបម្រាមលក់រថយន្ត Nissan, BMW, និង Porsche ចំនួន ១០ ម៉ូដែល បន្ទាប់ពីបានបើកការស៊ើបអង្កេតមួយ ធ្វើឡើងទៅលើក្រុមហ៊ុនផលិតរថយន្តបរទេស ដើម្បីឱ្យដឹងថា តើក្រុមហ៊ុនទាំងនោះ មានបានលួចបន្លំឯកសារលើការសាកល្បងកម្រិតសំឡេង និងបំភាយឧស្ម័នដូចក្រុមហ៊ុន​ Volkswagen AG ដែរឬអត់។

យោងតាមសម្តីរដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងឱ្យដឹងនៅថ្ងៃច័ន្ទ ក្នុងចំណោមរថយន្តទាំងនោះ មាន ​៩​ ម៉ូដែល ត្រូវបានហាមឃាតចាប់តាំងពីខែមុនមកម្លេះ ហើយរថយន្តអគ្គីសនីកូនកាត់ប្រភេទស្ព័រ Qashqai របស់ Nissan ត្រូវបានហាមឃាតចាប់តាំងពីខែមិថុនា។

រដ្ឋមន្ត្រីដដែលបានបន្ថែមថា ក្រសួងបានផាកពិន័យក្រុមហ៊ុនចែកចាយក្នុងប្រទេសរបស់ក្រុមហ៊ុនផលិតរថយន្តទាំងនោះ ចំនួន ៧.៧១ ពាន់លានយ៉ន ស្មើនឹង ៥.៩ លានដុល្លារ សម្រាប់ផលប៉ះពាល់កើតចេញពីយានយន្តរបស់ពួកគេចំនួន ៤,៥៣២ គ្រឿងដែលបានលក់ដាច់រួចទៅហើយនៅក្នុងប្រទេសកូរ៉េខាងត្បូង។

អ្នកនាំពាក្យក្រុមហ៊ុនសាខារបស់ Nissan និង BMW AG ក្នុងប្រទេសកូរ៉េខាងត្បូង បានទទួលស្គាល់ចំពោះការរកឃើញនៅក្នុងការស៊ើបអង្កេតរបស់រដ្ឋាភិបាល និងបាននិយាយថា ពួកគេនឹងព្យាយាមសម្រេចឱ្យបាននូវវិញ្ញាបណ្ណបត្រស្តង់ដារបស់រដ្ឋាភិបាលសម្រាប់ម៉ូដែលដែលរងផលប៉ះពាល់ទាំងនោះម្តងទៀត។ ដោយឡែក ចំពោះក្រុមហ៊ុន Porsche AG ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Volkswagen គេមិនទាន់អាចសុំការផ្តល់សេចក្តីអធិប្បាយបានភ្លាមៗនៅឡើយទេ។

គួរបញ្ជាក់ថា ការលក់រថយន្តនាំចូលរបស់សាធារណរដ្ឋកូរ៉េ បានជួបការធ្លាក់ចុះ ៧% ក្នុងរយៈពេល ១១ ខែ កាលពីឆ្នាំមុន ដែលនេះជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូងរបស់ប្រទេសចាប់តាំងពីឆ្នាំ ២០០៩ មក៕

ប្រភពព័ត៌មាន៖ reuters

មតិយោបល់