ភ្នំពេញៈ រថយន្តចំនួន៣គ្រឿង ខណៈដែលកំពុងបើកបរធ្វើដំណើរស្របគ្នា បានបុកបន្តកន្ទុយគ្នា៣តង់ និងបានបណ្ដាលឲ្យរងការខូចខាតទាំងអស់គ្នា ប៉ុន្តែមិនបានបណ្ដាលឲ្យមានអ្នករងរបួសនោះឡើយ ហើយបង្កឲ្យមានការកកស្ទះចរាចរមួយរយៈពេលខ្លីផងដែរ។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តដឹកជ្រូក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប3A-2254 បើកបរធ្វើដំណើរក្នុងទិសដៅពីពីលិចទៅកើត ក្នុងល្បឿនលឿន ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកពីក្រោយរថយន្តម៉ាកតាកូម៉ា១គ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2Y-4735 ដែលកំពុងបើបរក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យរងការខូចខាតកំពិតផ្នែកខាងក្រោយយ៉ាងដំណំ។
ប្រភពដដែលបានបន្តទៀតថា ពេលនោះរថយន្តតាកូម៉ាបានរុញផ្ទប់ពីក្រោយរថយន្តម៉ាកកាមរីឆ្លាម១គ្រឿងទៀត ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ2AB-7528 ពេញទំហឹង បណ្ដាលឲ្យរថយន្តឆ្លាមកំពិតផ្នែកខាងក្រោយយ៉ាងដំណំដែរ។
ក្រោយពេលកើតហេតុភាគីទាំងសង្ខាងបានធ្វើការសម្របសម្រួលគ្នាដោយខាងរថយន្តដឹកជ្រូកដែលជាអ្នកបង្កបានចេញសំណងដើម្បីជួសជុលរថយន្តទាំង២គ្រឿងនោះបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕
https://youtu.be/DG7wf_00Su8
មតិយោបល់