ព័ត៌មានបច្ចេកវិទ្យា

ដឹង៤ ចំណុចនេះ លែងក្លាយទាញចំកម្មវិធីក្លែងក្លាយពីក្នុង Play Store ទៀតហើយ!

នៅក្នុងឃ្លាំងកម្មវិធី-ហ្គេម Play Store ក្រុមហ៊ុន Google មានកម្មវិធីមួយចំ​នួន​គឺមានបង្កប់មេរោគ Malware ដែលអាចនឹងប៉ះពាល់ដល់សន្តិសុខទិន្ន​ន័យ​លើទូរសព្ទ Android របស់លោកអ្នក ឬធ្វើឱ្យវាជាប់គាំង និងមានបញ្ហាលោតពាណិជ្ជកម្មរញ៉េរញ៉ៃជាដើម។ ដូច្នេះដើម្បីជៀសវាងបញ្ហានេះ លោកអ្នកគួរតែចេះមើលថា តើកម្មវិធីមួយជាកម្មវិធីពិត ឬក្លែងក្លាយ ឬដែលមិនគួរឱ្យទុកចិត្ត។ សម្រាប់វិធីមើលគឺមាន ៤ ចំណុច ដែល Post Tech សូមបង្ហាញជូនដូចខាងក្រោម៖

1- មើលឈ្មោះកម្មវិធី
មានកម្មវិធីក្លែងក្លាយជាច្រើនបានបន្លំឈ្មោះកម្មវិធីល្បីៗ ហើយកម្មវិធីបន្លំដែលជោគជ័យបំផុតគឺមានឈ្មោះថា Update WhatsApp Messenger។ មុនពេលលើកម្រាមដៃចុចទាញយកកម្មវិធីណាមួយ លោកអ្នកគួរពិនិត្យមើលឈ្មោះវាឱ្យបានល្អិតល្អន់ ពោលគឺ មិនត្រូវមើលតែឡូហ្គូកម្មវិធីនោះទេ។

ចំពោះ WhatsApp ក្លែងក្លាយនេះ យើងត្រូវចាប់អារម្មណ៍ថា ហេតុអីបានជាកម្មវិធី WhatsApp ថែមឈ្មោះ Update ចឹង? ម៉េចបានជាក្រុមហ៊ុនមិនបើកឱ្យអ្នកប្រើប្រាស់ Update តាមកម្មវិធីផ្ទាល់ ឬតាមមុខងារ Update ក្នុង Play Store?

2- មើលឈ្មោះអ្នកអភិវឌ្ឍកម្មវិធី

ដោយឡែក បើសិនលោកអ្នកសង្ស័យឈ្មោះអ្នកអភិវឌ្ឍកម្មវិធី ឬក្រុមហ៊ុនផលិត​កម្មវិធី ដែលឋិតនៅខាងក្រោមឈ្មោះកម្មវិធី មធ្យោបាយងាយស្រួល គឺផ្ទៀងផ្ទាត់ឈ្មោះនោះតាមអនឡាញថាវាត្រឹមត្រូវដែរឬទេ។ ក្នុងករណីខ្លះ ជនខិលខូចប្រើឈ្មោះ​អ្នកអភិវឌ្ឍកម្មវិធីដូចគ្នាប៉ះបិទទៅនឹងឈ្មោះពិត ដោយគេគ្រាន់តែបន្ថែមតួអក្សរដកឃ្លាមួយប៉ុណ្ណោះនៅខាងចុងពាក្យ ដើម្បីគេចពីប្រព័ន្ធចាប់កម្មវិធីក្លែងក្លាយលើ Play Store និងធ្វើឱ្យឈ្មោះនោះខុសពីឈ្មោះដើម។ ជាក់ស្តែងដូចជា កម្មវិធី WhatsApp ក្លែងក្លាយខាងលើដូច្នេះដែរ។

3- ពិនិត្យមើលតើអ្នកដទៃផ្តល់ពិន្ទុឱ្យ ឬនិយាយយ៉ាងណាចំពោះកម្មវិធីនោះ

បន្ទាប់ពីពិនិត្យពិច្ច័យលើឈ្មោះនោះហើយ លោកអ្នកត្រូវប្រាកដថាតើកម្មវិធីនោះ មានគេឱ្យផ្កាយ ឬការអធិប្បាយយ៉ាងណា។ ប្រសិនបើគេនិយាយអវិជ្ជមានលើវាច្រើន ដូចជាថាវាដំណើរការមិនដូចមុខងារដែលវាបានបង្ហាញ និងទទួលបានផ្កាយតិច លោកអ្នកគួរតែប្រយត្នចំពោះកម្មវិធីនោះ។

4- ឆែកចំនួនអ្នកទាញយក

នេះគឺជាចំណុចដែលលោកអ្នកគួរមើលបន្ថែម ប្រសិនបើវិធីខាងលើពុំអាចវាស់ដឹងថាកម្មវិធីដែលលោកអ្នកកំពុងទាញយកក្លែងក្លាយ។ ឧទាហរណ៍ កម្មវិធីដែលលោកអ្នកបម្រុងនឹងទាញយកជាកម្មវិធីល្បីដូចជា WhatsApp។ ប៉ុន្តែ មានចំនួន​អ្នកទាញយកទៅដំឡើងតិចខុសធម្មតា នោះវាច្បាស់ជាកម្មវិធីក្លែងក្លាយជាក់ជាមិនខាន។

លោកអ្នកអាចឆែកព័ត៌មានស្តីពីចំនួនអ្នកទាញយករបស់កម្មវិធី-ហ្គេមនីមួយៗ នៅ​ផ្ទាំងព័ត៌មានបន្ថែមរបស់កម្មវិធីខាងក្រោមបាន៕

ប្រភពព័ត៌មានៈ maketecheasier

មតិយោបល់