ព័ត៌មានបច្ចេកវិទ្យា

នេះហើយជាមូលហេតុមេម៉ូរី iPhone កាន់តែឆាប់ពេញឡើងៗ

លោកអ្នកដែលកំពុងប្រើប្រាស់ទូរសព្ទដៃ iPhone ភាគច្រើន តែងខកចិត្តចំពោះមេម៉ូរី ឬទំហំផ្ទុកទិន្នន័យក្នុងទូរសព្ទរបស់ខ្លួនដែលចេះតែឆាប់ពេញ មិនអាចបញ្ចូលអ្វីបន្ថែមបាន សូម្បីតែថតរូប ពិសេសចំពោះប្រភេទមានទំហំត្រឹម ៣២/៦៤ ជីហ្គាបៃយ៍តែម្តង។

ការលុបរូបថតពីរបី ឬកម្មវិធីមិនប្រើ ឬចម្អាតឯកសារសំណល់ផ្សេងៗចេញពីទូរសព្ទ គ្រាន់តែជាដំណោះស្រាយមួយគ្រាៗ ដោយវាអាចស្តារមេម៉ូរីទំនេរបានតែបន្តិចបន្តួចប៉ូណ្ណោះ។ ម្យ៉ាងទៀត លោកអ្នកពិតជាមិនអាចធ្វើដូច្នេះជារៀងរាល់លើក បន្ទាប់ពីវាត្រូវបានបំពេញដោយឯកសាររូបថត-វីដេអូ ឬកម្មវិធីថ្មីៗនោះទេ។

ទន្ទឹមនឹងនេះ លោកអ្នកប្រហែលជាឆ្ងល់ហើយថា iPhone ខ្លួនហាក់បីដូចជាឆាប់ពេញមេម៉ូរីជាងមុនឡើងៗ ខណ:ខ្លួនមិនមានប្រើប្រាស់ ឬបញ្ចូលកម្មវិធីអ្វីបន្ថែមសោះនោះ។

យោងតាមក្រុមហ៊ុនឯកទេសខាងវិភាគលើឧបករណ៍ចល័ត Sensor Tower កម្មវិធី-ហ្គេមដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS ភាគច្រើន ជាមធ្យម មានទំហំធំជាងមុនដល់ទៅ ១២ ដង ធៀបទៅនឹងឆ្នាំ ២០១៣។

កាលពី ៤ ឆ្នាំមុន កម្មវិធី Snapchat មួយស៊ីមេម៉ូរីទូរសព្ទអស់ត្រឹម ៤ MB ប៉ុណ្ណោះ តែឥឡូវ វាត្រូវការដល់ ២០៣ MB គឺកើនរហូត ៥១ ដង។ យ៉ាងនេះក្តី Snapchat មិនមែនជាកម្មវិធីធំបំផុតនោះទេ។ កម្មវិធីដែលស៊ីមេម៉ូរីធំបំផុតនោះគឺ Facebook តែម្តង ដែលបច្ចុប្បន្ន វាត្រូវការទំហំផ្ទុកលើ iPhone យ៉ាងហោចណាស់ ៣៨៨ MB ខុសពីនៅឆ្នាំ ២០១៣ វាត្រូវការតែ ៣២ MB។ ជាមួយតម្រូវការទំហំផ្ទុកចុងក្រោយនេះ គឺវាបានកើន ១០០ MB ក្រោយការធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពីខែកញ្ញា។

មិនត្រឹមតែកម្មវិធីបណ្តាញទំនាក់ទំនងសង្គមនោះទេដែលធ្វើឱ្យមេម៉ូរី iPhone លោកអ្នកឆាប់អស់នោះ កម្មវិធី-ហ្គេមពេញនិយមជាច្រើនផ្សេងទៀតដូចជា Gmail, YouTube និង Candy Crush Saga ជាដើម ក៏ដូច្នេះដែរ។ ហ្គេមបំបែកស្ករគ្រាប់ Candy Crush Saga បានលោតពី ៤៨​ MB ក្នុងឆ្នាំ ២០១៣ ដល់ ២២៣ MB ក្នុងឆ្នាំនេះ ហើយគ្រាន់តែហ្គេម Injustice 2 មួយវាមានទំហំរហូតដល់ទៅ ១ GB ឡើងឯណោះ។

សរុបមក មូលហេតុដែលមេម៉ូរីទូរសព្ទ iPhone កាន់តែឆាប់ពេញ ពីព្រោះ កម្មវិធី-ហ្គេមនីមួយៗ រួមទាំងកម្មវិធីជាប់ម៉ាស៊ីនផងដែរនោះ ពីមួយជំនាន់ទៅមួយជំនាន់ ត្រូវបានដាក់បន្ថែមមុខងារថ្មីៗ និងកែលំអរគុណភាពរូបភាពក្រាហ្វិកឱ្យកាន់តែប្រសើរ។ ម្លោះហើយ ការដែលមេម៉ូរីទូរសព្ទចេះតែឆាប់ពេញឡើងៗ គឺជារឿងធម្មតាទេ ខណ:ទំហំផ្ទុកទិន្នន័យជាប់ម៉ាស៊ីននៅដដែល។

ទោះយ៉ាងណា Apple កំពុងដាក់ចេញនូវប្រព័ន្ធគ្រប់គ្រងឯកសារ និងមុខងារពិសេសថ្មីៗតាមរយ: iOS 11 ដើម្បីដោះស្រាយ និងកាត់បន្ថយការប្រើប្រាស់ទំហំមេម៉ូរីក្នុងម៉ាស៊ីនដែលកាន់តែត្រូវការធំឡើងៗបែបនេះពីមួយជំនាន់ទៅមួយជំនាន់។ ជាក់ស្តែង ក្រុមហ៊ុនបានផ្លាស់ប្តូរប្រភេទឯកសាររូបភាព-វីដេអូទៅជាប្រភេទថ្មី ដែលវាត្រូវការទំហំមេម៉ូរីតូចជាងមុនខ្លាំង តែនៅរក្សាគុណភាពរូបដដែល៕

អានបន្ថែម: កម្មវិធី Camera ថ្មីលើ iOS 11 នឹងជួយសំចៃមេម៉ូរី iPhone បាន ៥០%
iOS 11 អាចលុបកម្មវិធីដោយស្វ័យប្រវត្តិដើម្បីសន្សំមេម៉ូរី
វិធីសម្អាតឯកសារសំណល់លើ iPhone ដើម្បីស្តារមេម៉ូរីទំនេរ និងជួយឱ្យទូរសព្ទដើរលឿនឡើងវិញ!

អត្តបទ: សេង, ប្រភពព័ត៌មាន: bgr

មតិយោបល់