(ស៊ុយអែដ)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនផលិតគ្រឿងបរិក្ខាទូរគមនាគមន៍ស៊ុយអែដ បានចុះចេញពីតំណែងភ្លាមៗ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ហើយខាងក្រុមហ៊ុនក៏មិនបានបញ្ជាក់អ្វីទាក់ទងនឹងការលាឈប់នេះដែរ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Ericsson បានឲ្យដឹងថា លោក Hans Vestberg ជានាយកប្រតិបត្តិ បានសម្រេចចិត្តលាឈប់ពីតំណែង ហើយក្រុមហ៊ុនបានសម្រេចជ្រើសរើសលោក Jan Frykhammar បច្ចុប្បន្នមានតំណែងជាប្រធានហិរញ្ញវត្ថុ ឲ្យឡើងកាន់តំណែងជំនួសលោក Vestberg មួយរយៈសិន ទម្លាំរហូតដល់ក្រុមហ៊ុនជ្រើសតាំងនាយកប្រតិបត្តិថ្មី។
លោក Vestberg បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនទូរគមនាគមន៍មួយនេះ នៅឆ្នាំ១៩៩១ ជាប្រធានសេវាកម្មសកល ហើយនៅឆ្នាំ២០០៧ ត្រូវបានតែងតាំងជាប្រធានហិរញ្ញវត្ថុ និងនៅឆ្នាំ២០១០ ក៏ត្រូវបានតែងតាំងជានាយកប្រតិបត្តិតែម្ដង។
មិនមានប្រភពច្បាស់លាស់ណាមួយអាចបញ្ជាក់បានពីមូលហេតុនៃការលាឈប់របស់លោក Vestberg ឡើយ ប៉ុន្តែមានព័ត៌មានមួយ បានឲ្យដឹងថា ប្រហែលជាមកពីអត់មិនអាចដោះស្រាយនូវបញ្ហាមួយចំនួននៅក្នុងក្រុមហ៊ុនបាន ជាពិសេសគឺការធ្លាក់ចុះនៃតម្លៃផ្សារហ៊ុន ចាប់តាំងពីឆ្នាំ២០១៥៕
មតិយោបល់