ក្រចេះ: មន្រ្តីជលផលដែលជួបគ្រោះលិចទូកបាត់ខ្លួន ត្រូវបានគេប្រទះឃើញសពហើយ ក្រោយពីបានលិចបាត់ខ្លួនរយៈពេល២យប់និង១ថ្ងៃ កាលពីវេលាម៉ោង៧និង២៥នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងទន្លេចម្ងាយប្រមាណ១គីឡូម៉ែត្រពីកន្លែងកើតហេតុនៅចំណុចវាលប្រណាំងខាងក្រោមកោះទ្រាល ភូមិវឌ្ឍនៈ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។
លោក ម៉ក់ ពន្លក អនុប្រធានខណ្ឌជលផលបានឲ្យដឹងថា មន្រ្តីជលផលដែលជួបគ្រោះថ្នាក់ដោយសារខ្យល់ព្យុះលិចទូកស្លាប់នោះមានឈ្មោះ ឡេ សុខឡេង ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងកញ្ចកជើង ឃុំព្រែកតាមែក ស្រុកខ្សាច់កណ្ដល ខេត្តកណ្ដាលមានកូនចំនួន២នាក់ កូនបងអាយុ៥ឆ្នាំ កូនប្អូនអាយុ៥ខែ ហើយមានតួនាទីនាយសង្កាត់រដ្ឋបាលជលផលសំបូរ និងជាប្រធានឆ្មាំអភិរក្សសត្វផ្សោតប៉ុស្តិ៍នរុង្គបានជួបគ្រោះថ្នាក់លិចទូកស្លាប់នៅពេលចុះបំពេញបេសកម្មក្នុងទន្លេកាលពីវេលាម៉ោង១១និង៣០នាទីអធ្រាត្រថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០១៦។
លោក ម៉ក ពន្លក បានឲ្យដឹងទៀតថា លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលបានឲ្យមន្រ្តីជលផលតាំងថ្នាក់ក្រសួងដល់មន្ទីរឲ្យយកថវិកាជួយឧបត្ថម្ភគ្រួសារសព ដោយយកចិត្តទុកបំផុត។ ក្នុងនោះផងដែរ អង្គការ WWF ជួយឧបត្ថម្ភថវិកាចំនួន៩៨០ដុល្លារអាមេរិកសម្រាប់ទិញក្ដារមឈូស និងជួលរថយន្ដដឹកសពទៅស្រុកកំណើត។
លោកបានបន្ដទៀតថា ក្រោយរកសាកសពឃើញថ្នាក់ដឹកនាំខណ្ឌជលផលអាជ្ញាធរ និងនគរបាលធ្វើកោសល្យវិច័យឃើញថា សពនេះពិតជាលិចទូកស្លាប់មែន មិនមែនស្លាប់ដោយសារអំពើឃាតកម្មនោះទេ ហើយក៏បានដឹកសពប្រគល់ជូនឲ្យគ្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់