ព័ត៌មានបច្ចេកវិទ្យា

តើកត្តាអ្វីដែលរុញច្រានឲ្យ Steve Jobs បិតាស្ថាបនិក Apple កាន់សាសនាព្រះពុទ្ធ?

អាមេរិក​៖ លោក Steve Jobs ត្រូវបាន​គេ​ចាត់ទុកថា ​ជា​បិតាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple និង​ជា​បុគ្គលដ៏​អស្ចារ្យ​មួយរូប ​ដែល​ពិភពលោក​កោតសរសើរ ជាមួយ​នឹង​គំនិត​ច្នៃប្រឌិត​ដ៏ខ្ពស់ ប៉ុន្តែ​គួរឲ្យ​សោកស្ដាយ​ ​គាត់​បាន​លាចាក​លោក​នេះ​ទៅហើយ​។

ក្រោយ​ពី​ដំណឹង​មរណភាព​របស់ Steve Jobs លេចឮ​ឡើង ទើប​ពិភពលោក​ដឹងថា បិតា​ស្ថាបនិក Apple មួយ​នេះ កាន់​សាសនាព្រះពុទ្ធ​ ហើយក៏ជាចំណុចចាប់ផ្ដើមនៃចម្ងល់ផងដែរថា ហេតុ​អ្វី​បានជាគាត់​កាន់​សាសនាព្រះពុទ្ធ​? សំណួរ​នេះ​គឺ​គ្មាន​ចម្លើយ​ឡើយ ប៉ុន្តែ​មាន​ការបកស្រាយ​ដ៏​សមរម្យ​បំផុត ដែល​មាន​ដំណើររឿង​ដូចខាងក្រោម​៖

​នៅ​ពាក់កណ្ដាល​ឆ្នាំ ១៩៧៤ លោក Steve Jobs បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌា ដើម្បី​ស្វែងរក​មិត្តភ័ក្ត​ម្នាក់ ដែល​ធ្លាប់​រៀន​ជាមួយគ្នា ប៉ុន្តែ​ពេល​ទៅដល់​គាត់​ស្វែងរក​មិនឃើញ រហូតទទួលបាន​ដំណឹងចុងក្រោយ​ថា មិត្តភ័ក្ត​របស់​គាត់នោះ ​បាន​ស្លាប់​ទៅហើយ​។ លោក Jobs មិនបាន​ត្រឡប់​មក​សហរដ្ឋអាមេរិក​ភ្លាម​នោះ​ទេ ពោល​គឺ​បន្ដ​រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌា​អស់​រយៈពេល ៧​ខែ​ទើប​ទៅអាមេរិកវិញ​។

នៅក្នុង​រយៈពេល ៧​ខែ​នោះ គ្មាន​នរណា​ដឹង​ថា គាត់​បាន​ធ្វើ​អ្វី​នោះទេ ប៉ុន្តែ​បើ​តាម​សៀវភៅ​កំណត់ត្រា​ជីវប្រវត្តិ​របស់គាត់ បានឲ្យដឹងថា នៅក្នុង​អំឡុង​ពេល​រស់​នៅក្នុង​ប្រទេស​ឥណ្ឌា គាត់​ទទួលបាន​បទពិសោធន៍​ជីវិត​ជា​ច្រើន ជាពិសេស​គឺ​វប្បធម៌ និង​សាសនា​។ ជាមួយគ្នា​នោះ​គាត់​បាន​ជួយ​នឹង​អ្នក​កាន់​សាសនាព្រះពុទ្ធ និង​បាន​សិក្សា​ទៅ​លើ​សាសនាមួយនេះ​។ បើ​តាម​ការបញ្ជាក់​នៅក្នុង​សៀវភៅ​នោះគឺ​មាន​កត្តា​ជាច្រើន ដែល​បាន​ជំរុញ​ឲ្យ​គាត់​សម្រេចចិត្ត​កាន់​សាសនាព្រះពុទ្ធ ប៉ុន្តែ​អ្វី​ដែល​គាត់​សម្រេចចិត្ត​ចុងក្រោយ​គឺ «​សេចក្ដី​ស្ងប់​» ជា​កត្ដា​ធំ​បំផុត ដែល​ធ្វើឲ្យ​គាត់​កាន់​សាសនាព្រះពុទ្ធ ព្រោះ​គាត់​ជា​មនុស្ស​ឆេវឆាវ ប៉ុន្តែ​ក្រោយមក​គាត់​ក្លាយជា​មនុស្ស​ស្ងប់ស្ងាម​។​

​បុគ្គលិក Apple ជាច្រើន​បាន​និយាយថា នៅ​មុនពេល​គាត់​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌា គឺ​គាត់​ជា​មេដឹកនាំ​ម្នាក់​ដែល​មាន​ច​រិត​ឆេវឆាវ ប៉ុន្តែ​ក្រោយពី​ត្រឡប់​ម​កាន់​អាមេរិក​វិញ គាត់​បាន​ប្ដូរ​ឥរិយាបទ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា Steve Jobs បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​០៥​ខែតុលា ឆ្នាំ ២០១១ ក្នុង​អាយុ ៥៦​ឆ្នាំ ដោយ​ជំងឺមហារីក​លំពែង​៕​

steve jobs

មតិយោបល់