ភ្នំពេញៈ នៅឆ្នាំ ២០១៤ លោក Jack Ma ស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញយក្សចិន Alibaba បានសម្រេចចេញលក់មូលបត្រភាគហ៊ុនដើម (IPO) នៅអាមេរិក ដោយទទួលបាន ២៥ពាន់លានដុល្លារ ហើយក៏ជាថ្ងៃនៃការចាប់ផ្ដើមកើនឡើងនូវប្រជាប្រិយភាពរបស់ Alibaba និង Jack Ma ផងដែរ។
តើលោកអ្នកមានឆ្ងល់ទេថា ហេតុអ្វីបានជាលោក Jack Ma សម្រេចចិត្តដាក់ឈ្មោះក្រុមហ៊ុនថា «Alibaba»? តោះ! យើងទៅតាមដានការបកស្រាយរបស់លោក Jack Ma ទាំងអស់គ្នា…
លោក Jack Ma បានពន្យល់ថា នៅថ្ងៃមួយ លោកបានអង្គុយផឹកកាហ្វេនៅក្នុងរដ្ឋសាន់ហ្វ្រង់ស៊ីស្កូ និងបាននឹកគិតថា ពាក្យ «Alibaba» គឺជាឈ្មោះដ៏ល្អ ប៉ុន្តែលោកត្រូវគិតបន្ដិចសិន ថាតើបើដាក់ឈ្មោះក្រុមហ៊ុនថា Alibaba វាមានមនុស្សប៉ុន្មាននាក់ដែលស្គាល់ និងស្រួលចាំអត់? ខណៈពេលលោកកំពុងតែអង្គុយគិត ស្រាប់តែអ្នកបម្រើស្រីម្នាក់ដើរតម្រង់មករកលោក ឃើញដូច្នេះ លោកក៏បានសួរទៅកាន់អ្នកបម្រើស្រីនោះថា «តើអ្នកស្គាល់ Alibaba ទេ?» ពេលនោះស្ត្រីជាអ្នកបម្រើបានឆ្លើយវិញថា «ចាស! ស្គាល់…»។ ក្រោយមក លោកមិនអស់ចិត្ត ក៏បានសួរបន្ថែមទៀតថា «តើអ្នកស្គាល់ Alibaba ដោយរបៀបណា?»។ ស្ត្រីបម្រើបានឆ្លើយថា វាគឺជាឈ្មោះនៅក្នុងរឿងនិទានមួយ (Open Sesame)។ ពេលនេះ Jack Ma បានសម្រេចចិត្តជ្រើសរើសពាក្យ Alibaba សម្រាប់ជាឈ្មោះក្រុមហ៊ុនរបស់លោក។ ប៉ុន្តែលោកមិនអស់ចិត្តទាល់តែសោះ។ នៅតាមផ្លូវពេលចេញពីហាងកាហ្វេ លោកបានសាកសួរមនុស្សប្រមាណ ៣០នាក់ ដែលដើរឆ្លងកាត់ផ្លូវ ក្នុងនោះមានជនជាតិឥណ្ឌា, អាល្លឺម៉ង់, ចិន, ជប៉ុន… ទាក់ទងនឹងពាក្យ Alibaba។ ជាលទ្ធផល ពួកគេទាំងអស់សុទ្ធតែបានឆ្លើយថា ពួកគេស្គាល់ Alibaba។
មុននឹងឈានដល់ការបង្កើតក្រុមហ៊ុន Alibaba លោក Jack Ma បានកំណត់គោលដៅច្បាស់ណាស់ថា លោកចង់បង្កើតក្រុមហ៊ុនមួយ ដែលមានលក្ខណៈស្ដង់ដា ដូច្នេះហើយ ទើបលោកត្រូវតែរកឈ្មោះជាលក្ខណៈបរទេស ដែលប្រើទៅធ្វើឲ្យគេស្គាល់នៅជុំវិញពិភពលោក៕
មតិយោបល់