ព័ត៌មានជាតិ

តុលាការផ្តន្ទាទោសមេក្លោងចោរប្លន់កក្រើកភ្នំពេញ ដាក់ពន្ធនាគារជិត៥០ឆ្នាំ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ខាង លោក ជា សុចាន់ដេត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រ​កាស​សាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទដែលជាមេក្លោងចោរប្លន់ម្នាក់ ឈ្មោះ នុត សំណាង ហៅ សែន សំណាង ភេទប្រុស អាយុ២៨ឆ្នាំ ដាក់ពន្ធនាគារ​កំណត់​រយៈពេល ៤៩ឆ្នាំ ក្រោមបទចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅរាជធានីភ្នំពេញ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា៣៥៣ និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការ កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦កន្លងទៅ ជនជាប់ចោទឈ្មោះ នុត សំណាង ហៅ សែន សំណាង បានសារភាពថា ខ្លួនពិតជា​បានប្រព្រឹត្ត​អំពើប្លន់ម៉ូតូចំនួន៧លើក ក្នុងទឹកដីរាជធានីភ្នំពេញ ប្រាកដមែន ដោយមានបក្ខពួកឈ្មោះ ធា ឈ្មោះ ផល ឈ្មោះ សីហា ឈ្មោះ មករា ឈ្មោះ ឌី និងឈ្មោះ វិទូ ហៅតួ។

ជនជាប់ចោទបានបន្តថា ខ្លួន និងបក្ខពួក ប្រើប្រាស់អាវុធខ្លី ដើម្បីភ្ជង់ប្លន់ម៉ូតូពីជនរងគ្រោះ រួចយកម៉ូតូទៅលក់ដើម្បីចែកលុយគ្នាចាយ និងចូលផឹកស៊ី។ ជនជាប់​ចោទ​បានបញ្ជាក់នៅក្នុងសវនការបន្ថែមថា ក្រុមរបស់ពួកគេបានធ្វើសកម្មភាពជាច្រើនលើកនៅក្នុងទឹកដីខណ្ឌដង្កោ ដោយលើកទី១ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ប្លន់នៅ​ម្តុំភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ លើកទី២ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ ប្លន់នៅម្តុំសង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ លើកទី៣ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ ប្លន់នៅម្តុំភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ លើកទី៤ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ ប្លន់នៅម្តុំសង្កាត់ព្រៃស ខណ្ឌដង្កោ ។លើកទី៥ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ ប្លន់នៅម្តុំភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ។ លើកទី៦ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ប្លន់នៅម្តុំសង្កាត់ដង្កោ ខណ្ឌដង្កោ ។ និងលើកទី៧ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ប្លន់នៅម្តុំសង្កាត់កន្ទួត ខណ្ឌដង្កោ ៕

ផ្តន្ទាទោស

https://youtu.be/vLbEsgPL2jA

មតិយោបល់