អាមេរិកៈ ស្មាតហ្វូន Samsung Galaxy Note 7 អាចនឹងត្រូវបានហាមឃាត់សម្រាប់ការហោះហើរនៅសហរដ្ឋអាមេរិក បន្ទាប់ពីផ្ទុះនូវព័ត៌មានអាស្រូវទាក់ទងនឹងបញ្ហាថ្ម រហូតដល់មានការផ្ទុះឆេះខណៈពេលកំពុងសាកថ្ម។
សហព័ន្ធរដ្ឋបាលអាកាសចរណ៍សហរដ្ឋអាមេរិក (FAA) រួមជាមួយនឹងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតកំពុងតែពិចារណាទៅលើការហាមឃាត់ការនាំយក Samsung Galaxy Note 7 ធ្វើដំណើរតាមយន្តហោះ (មានន័យថារាល់អ្នកដំណើរ និងក្រុមសហសេវិកគឺមិនអាចនាំយក Galaxy Note 7 តាមខ្លួនបានឡើង នៅពេលហោះហើរ)។
FAA បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា នៅពេលនេះ ខ្លួន និងស្ថាប័នជំនាញផ្សេងៗទៀត កំពុងតែពិនិត្យទៅលើឯកសារ ដើម្បីចេញសេចក្ដីសម្រេចថា ត្រូវតែហាមឃាត់ Galaxy Note 7 ឬមួយអត់? ប៉ុន្តែបើសិនជារកឃើញថា បញ្ហាថ្មនោះ អាចនាំឲ្យប៉ះពាល់ដល់ការហោះហើរ ជាពិសេសគឺអាចនាំផ្ទុះឆេះនោះ គឺ FAA នឹងចេញសេចក្ដីហាមឃាត់ភ្លាមតែម្ដង។
គួរបញ្ជាក់ផងដែរថា នៅដើមខែនេះ ស្មាតហ្វូន Galaxy Note 7 បានជួបនូវបញ្ហាផ្ទុះឆេះខណៈពេលកំពុងសាកថ្ម ចំណែកក្រុមហ៊ុន Samsung បានបកស្រាយថា នោះមកពីបញ្ហាថ្ម ហើយនៅពេលនេះ ខ្លួនកំពុងតែប្រកាសប្រមូលយមកវិញ ដើម្បីដោះដូរ៕
មតិយោបល់