ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន Geely ដែលជាម្ចាស់ក្រុមហ៊ុន Volvo និង London Taxi បានប្រកាសចេញរថយន្តម៉ាកថ្មីស្រឡាងមួយឈ្មោះ Lynk & Co ធ្វើឱ្យកក្រើករំជួយក្នុងនៅឯពិព័រណ៍មួយ នាទីក្រុងប៊ែកឡាំង នៅថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ តាមរយៈការបញ្ចេញម៉ូដយ៉ាងល្អប្រណិតខុសប្លែកពីគេ ដើម្បីប្រកួតប្រជែងជាមួយបណ្តារថយន្តម៉ូដែលផ្សេងៗទៀតលើទីផ្សារអាមេរិក និងអឺរ៉ុប។
រថយន្តម៉ាកថ្មីនេះ គឺជាប្រភេទរថយន្តកៅអីប្រាំ ឬ SUV ម៉ូដែល 01 ហើយវានឹងចេញម៉ូដែល 02, 03, 04 តាមក្រោយជាបន្តបន្ទាប់ទៀត។ បើតាមការឱ្យដឹងពីក្រុមហ៊ុន ការផលិតចេញនូវរថយន្តដែលមានម៉ាកសញ្ញាថ្មីបែបថ្មីនេះ គឺខ្លួនចង់ផ្តោតទៅលើរថយន្តដែលមានការរចនាបថថ្មី ខុសប្លែកពីបណ្តារថយន្តម៉ាកដទៃ បន្ថែមពីលើការបំពាក់បច្ចេកវិជ្ជា និងប្រព័ន្ធកម្មវិធីដ៏ទំនើប។
Lynk & Co 01 ពាំនាំមកជាមួយប្រព័ន្ធកម្មវិធីតភ្ជាប់ ព័ត៌មានកម្សាន្ត និងសារគមនាគមន៍ឥតខ្សែ ដែលជាស្នាដៃសហការបង្កើតរួមគ្នារវាងក្រុមហ៊ុន Microsoft, Alibaba, និង Erisson ហើយវានឹងក្លាយជាប្រព័ន្ធកម្មវិធីឌីជីថលថ្មី និងជាប្រព័ន្ធបើកចំហរមួយ សម្រាប់អាចយកទៅធ្វើការកែលំអរ និងអភិវឌ្ឍបន្ថែមបានដោយសេរី។
ក្រុមហ៊ុន Geely បានឱ្យដឹងថា Lynk & Co 01 បំពាក់ម៉ាស៊ីន Hybrid ដើរដោយថាមពលអគ្គីសនី និងប្រេងសាំង ព្រមទាំងប្រព័ន្ធបច្ចេកវិជ្ជាការពារសុវត្ថិភាពដ៏ល្អប្រសើរ ហើយវានឹងចេញលក់លើកដំបូងបង្អស់នៅទីផ្សារប្រទេសចិន ក្នុងឆ្នាំ ២០១៧ បន្ទាប់មក នៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក។ អតិថិជនអាចបញ្ជាទិញពីគ្រប់ទិសទីតាមអនឡាញ ហើយវានឹងត្រូវបានដឹកជញ្ជូនដល់គេហដ្ឋានតែម្តង។
ចំពោះតម្លៃវិញ វាមិនទាន់ត្រូវបានប្រកាសឱ្យដឹងនៅឡើយទេ ប៉ុន្តែ ក្រុមហ៊ុនគ្រាន់តែបង្ហើបថា វានឹងចេញលក់ក្នុងតម្លៃប្រកួតប្រជែងយ៉ាងខ្ពស់មួយ៕
ប្រភពព័ត៌មាន៖ mashable
មតិយោបល់