រដ្ឋផ្លរីដាៈ លោក Jonathan Strobel រស់នៅក្នុងរដ្ឋផ្លរីដា បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការប្រឆាំងនឹងក្រុមហ៊ុន Samsung បន្ទាប់ពីស្មាតហ្វូន Galaxy Note 7 របស់គាត់ផ្ទុះឆេះ និងបានបង្ករបួសស្នាមដល់ភ្លៅរបស់គាត់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកញ្ញា។
លោក Kieth Pierro មេធាវីរបស់លោក Jonathan Strobel បានបញ្ជាក់ថា កូនក្ដីរបស់គាត់បានរងរបួសនៅថ្ងៃទី០៩ ខែកញ្ញា ខណៈដែលគាត់បានដើរកម្សាន្តនៅក្នុងហាងលក់ទំនិញមួយកន្លែង ហើយចំណែករបួសនោះគឺធ្ងន់ធ្ងរខ្លាំងផងដែរ ដូច្នេះហើយទើកកូនក្ដីរបស់គាត់សម្រេចចិត្តដាក់ពាក្យបណ្ដឹង។
លោកមេធាវី មិនបានបញ្ជាក់ពីសំណងដែលកូនក្ដីរបស់គាត់ទាមទារឡើយ ប៉ុន្តែបើតាមការឲ្យដឹងពីប្រភពជិតស្និទ្ធ បានលួចបង្ហើបថា Samsung ប្រហែលជាត្រូវផ្ដល់សំណងយ៉ាងគាប់ចិត្តដល់លោក Strobel ដោយក្នុងនោះរួមមានប្រាក់សំណងទៅលើការបាត់បង់ពេលវេលាធ្វើការ, សំណងជំងឺចិត្ត និងសំណងទៅលើការព្យាបាលរបួស ជាដើម។
ចាប់តាំងពីមានរបាយការណ៍ផ្ទុះឆេះ Galaxy Note 7 មក ក្រុមហ៊ុន Samsung បានប្រកាសប្រមូលនៅទូទាំងពិភពលោក ប៉ុន្តែការប្រមូលនេះទៀតសោតនៅមិនទាន់បានបញ្ចប់នៅឡើយ ជាពិសេសគឺតួលេខនៃការប្រមូលបានមកវិញគឺតិចតូចបំផុត។
គួរបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃមុននេះ បុគ្គលិក Amazon ម្នាក់បានប្ដឹង Samsung ផងដែរ បន្ទាប់ពី Galaxy 7 Edge របស់គាត់ផ្ទុះឆេះ និងបានបង្កជារបួសភ្លៅគាត់យ៉ាងធ្ងន់ធ្ងរ៕
ប្រភព៖ Phone Arena & Reuters
មតិយោបល់