ព័ត៌មានបច្ចេកវិទ្យា

សូមប្រយត្ន! កុំសាកថ្ម iPhone ដាក់លើដើមទ្រូងឱ្យសោះ អាចនឹងឆក់ស្លាប់ដូចបុរសអង់គ្លេសម្នាក់នេះ

បុរសជនជាតិអង់គ្លេសម្នាក់ឈ្មោះ Richard Bull ត្រូវបានប្រពន្ធរបស់ខ្លួន​រកឃើញដេកស្លាប់នៅក្នុងអាងងូតទឹកនៅផ្ទះរបស់គាត់ នាទីក្រុងឡុងដ៍ ដោយមានស្លាកស្នាមឆេះរោលលើរាងកាយយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមប្រភពព័ត៌មានពី Daily Mail ចេញផ្សាយនៅថ្ងៃម្សិលមិញ។

ប្រភពព័ត៌មានដដែលបានឱ្យដឹងថា នៅពេលប៉ូលិសទៅដល់កន្លែងកើតហេតុ ពួកគេបានរកឃើញមានព្រីភ្លើងមួយកំពុងត្រូវបានដាក់បន្លាយចេញពីផ្លូវដើរចូលទៅក្នុងបន្ទប់ទឹក ដោតភ្ជាប់ជាមួយទូរសព្ទ iPhone តាមរយ:ឆ្នាំងសាកថ្មមួយ ដែលកំពុងឋិតនៅក្នុងអាងងូតទឹក។

ក្រុមមន្រ្តីប៉ូលិសដដែលបាននិយាយថា «យើងបានឃើញខ្សែរបស់ព្រីភ្លើងកំពុងឋិតនៅលើកម្រាលឥដ្ឋ ហើយជនរងគ្រោះបានដាក់ទូរសព្ទរបស់ខ្លួនដែលកំពុងដោតសាកថ្មនៅលើទ្រូងរបស់គេ ទាំងផ្នែករបស់ដុំសាក និងព្រីភ្លើងបានប៉ះទៅនឹងទឹក»។

យោងតាមការធ្វើកោសល្យវិច័យទៅលើសាកសព ព្រមទាំងការពិនិត្យលើហេតុការណ៍ និងវត្ថុតាងផ្សេងៗនៅកន្លែងកើតហេតុ ក្រុមប៉ូលិសបានធ្វើការសន្និដ្ឋានថា ការស្លាប់របស់បុរសអង់គ្លេសវ័យ ៣២ ឆ្នាំរូបនេះ គឺបង្កឡើងដោយការឆក់ចរន្តអគ្គិសនី។

ទោះយ៉ាងណា អ្នកឯកទេសខាងពិនិត្យសាកសព ដែលបានធ្វើកោសល្យវិច័យស្លាកស្នាមលើរាងកាយរបស់ជនរងគ្រោះ លោកវេជ្ជបណ្ឌិត Sean Cummings បានសម្តែងក្តីបារម្ភយ៉ាងខ្លាំង ចំពោះអ្នកដែលមិនជឿថា ទូរសព្ទអាចបង្កគ្រោះថ្នាក់នៅពេលដាក់វាក្បែរទឹក ដូចជាប្រដាប់ផ្លុំសក់អីចឹងដែរ។

លោកវេជ្ជបណ្ឌិត បានប្រាប់ទៅក្រុមអ្នកស៊ើបអង្កេតថា «ឧបករណ៍អេឡិចត្រូនិចទាំងនោះ គួរតែមានបិទសារព្រមានលើ»។ «ខ្ញុំនឹងសរសេររបាយការណ៍មួយផ្ញើទៅក្រុមហ៊ុនផលិតទូរសព្ទឱ្យដឹងពីបញ្ហានេះ»។

ដោយឡែក ក្រុមហ៊ុន Apple មិនទាន់អាចទាក់ទងសុំការអធិប្បាយទៅលើឧប្បតិ្តវហេតុដែលនាំឱ្យមានមនុស្សស្លាប់នេះនៅឡើយទេ។

គួរបញ្ជាក់ថា: នៅក្នុងប្រទេសកម្ពុជា ក៏ធ្លាប់មានមេភូមិមួយរូបក្នុងខណ្ឌដង្កោ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ពេលបញ្ចូលថ្មទូរស័ព្ទ iPhone ផងដែរ

ប្រភពព័ត៌មាន: cnet

មតិយោបល់