អាមេរិកៈ កាសែត The Washington Post បានចុះផ្សាយថា លោក Mark Zuckerberg មេធំរបស់ Facebook បាននឹងកំពុងតែពិភាក្សាជាមួយរដ្ឋាភិបាលអាមេរិក ក្នុងការដេញថ្លៃផ្ដល់នូវសេវាកម្មអ៊ីនធើណែត ដោយឥតគិតថ្លៃដល់ប្រជាពលដ្ឋអាមេរិក។
ដោយផ្អែកលើការចុះផ្សាយរបស់កាសែតខាងលើ គឺ Facebook មានគោលបំណងចង់ផ្ដល់អ៊ីនធើណែតឥតគិតថ្លៃដល់គ្រួសារដែលមានប្រាក់ចំណូលទាប ជាពិសេសគឺនៅតាមជនបទ ឬទីកន្លែងដែលពុំមានអ៊ីនធើណែតល្បឿនលឿន នៅតាមផ្ទះ ឬនៅលើស្មាតហ្វូន។ Facebook បានកំណត់ច្បាស់ណាស់ទៅលើគម្រោងផ្ដល់អ៊ីនធើណែតឥតគិតថ្លៃនេះ ដោយក្នុងនោះ Facebook បានកំណត់ និងអនុញ្ញាតឲ្យបើកតែវេបសាយទាក់ទងនឹងព័ត៌មាន សុខាភិបាល និងការងារ។ ជាមួយគ្នានោះផងដែរ គឺ Facebook នឹងសហការជាមួយក្រុមហ៊ុនផ្ដល់សេវកម្ម Wireless នៅក្នុងតំបន់តែម្ដង ដើម្បីឲ្យកាន់តែងាយស្រួលក្នុងការផ្ដល់សេវាកម្មអ៊ីនធើណែត Free នេះ។
គួរបញ្ជាក់ផងដែរថា លោក Mark Zuckerberg ត្រូវបានគេមើលឃើញថា បានយកចិត្តទុកដាក់ខ្លាំងទៅលើការផ្ដល់សេវាកម្មអ៊ីនធើណែត ជាពិសេសគឺនៅតាមតំបន់ដែលពុំមានអ៊ីនធើណែតប្រើប្រាស់ ដោយកាលពីប៉ុន្មានខែមុននេះ យន្តហោះអ៊ីនធើណែតរបស់ Facebook ត្រូវបានសាកល្បង និងបង្ហោះដោយជោគជ័យ៕

មតិយោបល់