វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា បានបើកបវេសនកាល កាលពីម្សិលមិញនេះ ដោយបានបើកថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររងជាលើកដំបូង ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ ដើម្បីបណ្តុះបណ្តាលផ្នែកធនាគារ និងហិរញ្ញវត្ថុ។
លោក ឆន ពន្លឺ នាយកវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា បានឲ្យដឹងថា ការបើកវគ្គសិក្សាដំបូងនេះ គឺផ្តល់ឱកាសដល់សិស្សានុសិស្សដែលទើបប្រលងចប់ ចង់ទទួលបានបទពិសោធន៍ និងពង្រឹងចំណេះដឹងផ្នែកធនាគារ និងហិរញ្ញវត្ថុ ហើយធនាគារអេស៊ីលីដា ចង់ចែករំលែក ថាតើហេតុអ្វីបានជា អេស៊ីលីដា ជោគជ័យដូចសព្វថ្ងៃនេះ ទុកជាមរតកសម្រាប់សិស្សជំនាន់ក្រោយ។
លើសពីនេះទៅទៀត ពួកគេក៏អាចសិក្សាពីយុទ្ធសាស្រ្តរបស់ធនាគារ ដែលបានពង្រីកទៅក្រៅប្រទេស ហើយនឹងផ្តល់ឱកាសដល់និស្សិត ដែលមានសមត្ថភាពអាចទៅធ្វើការនៅក្រៅប្រទេសបានផងដែរ។
គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា បាននិងកំពុងវិនិយោគទឹកប្រាក់ជាង ៣៧លានដុល្លារអាមេរិក ដើម្បីសាងសង់អគារវិទ្យាស្ថានលើផ្ទៃដីទំហំ ៧.៥ហិកតា ដែលមានទីតាំងស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
មតិយោបល់