ក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី គ្រោងនឹងបោះទុន ៥០លានដុល្លារអាមេរិក លើវិស័យសត្តឃាត ជាមួយក្រុមហ៊ុនអូស្រ្តាលី SLN Meat Supply នៅខេត្តព្រះសីហនុ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយនៅថ្ងៃនេះ។
ការសម្រេចចិត្តបោះទុនវិនិយោគលើវិស័យសត្តឃាតនេះ ក៏ដោយសារការមើលឃើញពី សក្តានុពលសេដ្ឋកិច្ចរីកចម្រើនរបស់កម្ពុជា ក៏ដូចជាវិសាលភាពរបស់ក្រុមហ៊ុនស្តង់ដារអន្តរជាតិ។ នេះបើយោងតាមការលើកឡើងរបស់លោក Datuk Seri Rizuan Abdul Hamid ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី។
ជាជំហានចាប់ផ្តើម រោងចក្រនឹងផ្តល់ចង្វាក់ផលិតកម្ម ក្នុងកម្រិត ៤០ ទៅ ៥០ក្បាលក្នុងមួយម៉ោង ហើយប្រមាណ ១០០ក្បាលក្នុង ១ថ្ងៃ ដែលគោនីមួយៗមានទម្ងន់ពី ៥០០ ទៅ ៦០០គីឡូក្រាម ខណៈទីផ្សារផ្គត់ផ្គង់ធំជាងគេរបស់ក្រុមហ៊ុននាពេលបច្ចុប្បន្នគឺ ប្រទេសហ្វីលីពីន និងចិន។
គួរបញ្ជាក់ថា ក្រុមហ៊ុន SLN Meat Supply ជាក្រុមហ៊ុនសំឡេះសាច់ និងវេចខ្ចប់ផលិតផល សម្រាប់ផ្គត់ផ្គង់សាច់គោអូស្ត្រាលី នៅក្នុងប្រទេសកម្ពុជា និងនាំទៅក្រៅប្រទេស ជាប់លំដាប់ថ្នាក់លេខ ២ នៅលើពិភពលោក និងធំជាងគេបង្អស់ក្នុងតំបន់អាស៊ី៕
មតិយោបល់