ចិនៈ ក្មេងប្រុសអាយុប្រាំបីឆ្នាំម្នាក់ ឈ្មោះ Fan Xiaoqin នៅភាគខាងកើតប្រទេសចិន ត្រូវបានភ្ញៀវទេសចររាប់ពាន់នាក់ មកលេងដោយយកលុយ និងសម្ភារៈជាច្រើន មកឲ្យក្រោយពីឃើញថា កុមារម្នាក់នេះ មានមុខដូចមហាសេដ្ឋីចិន លោក Ma Yun ហៅ Jack Ma ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
មានមនុស្សរហូតដល់៥០នាក់ ក្នុងមួយថ្ងៃៗបានមកលេងក្មេងប្រុស Xiaoqin ក្នុងរយៈពេលពីរសប្តាហ៍ ចុងក្រោយនេះ។ក្មេងប្រុសម្នាក់នេះ មើលទៅដូចមហាសេដ្ឋីក្រុមហ៊ុន e-commerce Alibaba របស់ប្រទេសចិនលោក Jack Ma ណាស់។ មានពាក្យចចាមអារ៉ាមជាច្រើន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មហាសេដ្ឋីរូបនេះ បានសន្យាផ្គត់ផ្គង់ការសិក្សាកុមារ Xiaoqin ដល់សាកលវិទ្យាល័យ។
សូមជម្រាបថា ក្រុមគ្រួសារក្មេងប្រុសរូបនេះ រស់នៅក្នុងខេត្តជាំងស៊ី ជាជនក្រីក្រ ដែលពឹងផ្អែកលើលុយបដិភាគ របស់រដ្ឋាភិបាល។ ឪពុក Xiaoqin ឈ្មោះ Fan Jiafa ជាជនពិការជើងខាងស្តាំ ហើយម្តាយរបស់គាត់ មានជំងឺស្វិតដៃជើង និងជីដូនមានអាយុជាង ៨០ ឆ្នាំរបស់គាត់ កំពុងមានជំងឺប្រចាំកាយទៀត៕
មតិយោបល់