ក្រុមហ៊ុន Hodo Group នឹងប្រែក្លាយ ក្រុងព្រះសីហនុ ឲ្យក្លាយជា ទីក្រុងស៊ិនជិន ដែលជឿនលឿនបំផុតលើវិស័យសេដ្ឋកិច្ច និងឧស្សាហកម្ម។ នេះបើយោងតាមការលើកឡើងរបស់លោក ជេក ចាន់ ប្រធានក្រុមប្រឹក្សាភិបាលនៃ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ទីក្រុងស៊ិនជិន ត្រូវបានគេស្គាល់ថា កាលពីមុន មិនមែនជាតំបន់អភិវឌ្ឍន៍ទេ តែតាមរយៈគំនិតផ្តួចផ្តើមកំណែទម្រង់សេដ្ឋកិច្ចរបស់ថ្នាក់ដឹកនាំ វាបានក្លាយជាទីក្រុងពាណិជ្ជកម្មដ៏ជឿនលឿនលើវិស័យសេដ្ឋកិច្ច និងឧស្សាហកម្ម ដែលមានប្រាក់ចំណូលខ្ពស់បំផុតសម្រាប់ប្រជាជនចិន ហើយស្ថិតជាប់ទីក្រុងហុងកុង ភាគអាគ្នេយ៍នៃប្រទេសចិន។
នៅពេលដែលគម្រោងទី ២ ចាប់ផ្តើម តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងចាប់ផ្តើមសាងសង់មន្ទីរពេទ្យ សាលារៀន កន្លែងស្នាក់នៅ តំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលសន្និបាត សណ្ឋាគារ និងមជ្ឈមណ្ឌលដឹកជញ្ជូនផ្សេងៗ ដែលស្រូបយកកម្លាំងពលកម្ម ១សែននាក់ និងមានក្រុមហ៊ុនវិនិយោគប្រមាណ ៣០០ក្រុមហ៊ុន។
បច្ចុប្បន្ន ក្រុមហ៊ុន កំពុងតែសិក្សាលើទីផ្សារក្នុងប្រទេសកម្ពុជា និងកៀងគរក្រុមហ៊ុនមកពីប្រទេសចិន និងនៅលើពិភពលោក ឲ្យមកបណ្តាក់ទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ។
គួរជម្រាបផងដែរថា គម្រោងទី១ របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានសម្រេចជោគជ័យរួចហើយ ដោយមានក្រុមហ៊ុនចំនួន ១០៣ បានដាក់ទុនវិនិយោគ ផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា ១ម៉ឺន៥ពាន់នាក់ លើផ្ទៃដីប្រមាណ ៥ហិកតា៕
មតិយោបល់